ខេត្តសៀមរាប ៖ មន្ត្រីអង្គភាពស៊ីម៉ាក់ជំនាញដោះមីន២នាក់ បានជួបគ្រោះថ្នាក់កំណាច បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះជីវិត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចំណុចភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ។

លោក លឹម សម្បត្ដិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1K-8441 បើកបរដោយ ឈ្មោះ ស៊ា គឹមសៀង ភេទប្រុស អាយុ២១ឆ្នាំសញ្ជាតិខ្មែរ បុគ្គលិកស៊ីម៉ាក់ ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ អ្នកជិះពីក្រោយមាន ឈ្មោះ សុខ កក្ដដា ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ ជាបុគ្គលិកស៊ីម៉ាក់ ស្រុកប្រាសាទបាគង របួសធ្ងន់ ។ចំណែក ភាគីខាងរថយន្តម៉ាក FORLAND ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-0435 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពេលកើតហេតុ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯជនរងគ្រោះបានទាក់ទៅក្រុមគ្រួសារមកទទួលដឹកយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំតាមប្រពៃណី។ បន្ទាប់មក សមត្ថកិច្ចធ្វើការវាស់វែងយកយានយន្តពាក់ព័ន្ធទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយជាមួយសាច់ញាតិជនរងគ្រោះតាមផ្លូវច្បាប់។

លោកអធិការ បញ្ជាក់ថា ករណីនេះ មកពីជនរងគ្រោះ បើកបរម៉ូតូលឿន ហើយមិនប្រកាន់ស្ដាំ ទើបជ្រុលទៅបុកភាគីរថយន្តកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងតែម្តង៕