ភ្នំពេញ៖ ដោយមានគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសរសេរលិខិតមួយច្បាប់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីធ្វើការអប់រំ ណែនាំដល់ លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ភូមិភាគ៨ ដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ នៅដែនជម្រកសត្វព្រៃកែវសីមា និងតំបន់ការពារធម្មជាតិមួយចំនួនទៀត ក្នុងខេត្តមណ្ឌលគិរី។

នេះបើតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន ទើបទទួលបាននៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ។
លិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនសម្តេចវិបុលសេនាភក្តីថា៖ «ផ្អែកតាមចំណាររបស់ សម្ដេចតេជោ ហ៊ុន សែន, ក្រសួងមហាផ្ទៃ ក៏បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពទីតាំងដីព្រៃដែលរងនូវការកាប់រាន និងទន្ទ្រានកាន់កាប់ដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ព្រមទាំងបានធ្វើរបាយការណ៍ជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីគោរពរាយការណ៍ និងគោរពស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចលើលទ្ធផលនៃការចុះស្រាវជ្រាវរបស់ក្រុមការងារអន្តរក្រសួង។ ផ្អែកតាមលទ្ធផលនៃការចុះស្រាវជ្រាវរបស់ក្រុមការងារអន្តរក្រសួង បានរកឃើញថា លោក ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨ មានការពាក់ព័ន្ធនឹងដីព្រៃ ដែលរងនូវការកាប់រាន និងទន្ទ្រានកាន់កាប់ដោយខុសច្បាប់ស្ថិតក្នុងខេត្តមណ្ឌលគិរី ដោយបានប្រាស់តួនាទី អំណាច និងឥទ្ធិពលរបស់ខ្លួនជាសមាជិកព្រឹទ្ធសភា ធ្វើការណែនាំដល់មន្ត្រីមូលដ្ឋានឱ្យចុះហត្ថលេខាលើឯកសារដីធ្លីដែលពុំស្របច្បាប់»។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់គោលការណ៍ឯកភាព ឱ្យក្រសួងមហាផ្ទៃ ស្នើសុំសម្តេចវិបុលសេនាភក្តី ដើម្បីធ្វើការអប់រំណែនាំឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨ ។

សំណាងហើយ បានមានងារជាសមាជិកព្រឹទ្ធសភា ទៅពាក់ព័ន្ធនឹងការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ នៅដែនជម្រកសត្វព្រៃកែវសីមា សម្តេចស ខេង ស្នើសម្តេចសាយ ឈុំ ជួយអប់រំណែនាំ បើជាពលរដ្ឋសាមញ គុកបាត់!៕