ភ្នំពេញ៖ កន្លងទៅថ្មីៗនេះពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈបានមានការឆេះកំហឹងយ៉ាងខ្លាំងចំពោះសណ្ឋាគារ «Le Palais Hotel» នៅលើកោះ Koh Phangan ដែលបានប្រើប្រាស់វប្បធម៌ និងរចនាបទជាច្រើនរបស់កម្ពុជា ពិសេសគឺប្រាសាទអង្គរវត្តដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ដើម្បីមកធ្វើជាការតុបតែងលម្អក្នុងសណ្ឋាគាររបស់ខ្លួន។

យ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះ ខាងសណ្ឋាគារក៏បានសម្រេចចេញលិខិតសុំទោសជាសាធារណៈ ដោយនៅក្នុងលិខិតនោះបានសរសេររៀបរាប់ថា៖

សណ្ឋាគារបានសរសេរនៅលើបណ្ដាញ Facebook របស់ខ្លួនថា៖«ពួកយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះបញ្ហា ដែលបណ្ដាលឱ្យអ្នកមិនសប្បាយចិត្ត និងចង់បញ្ជាក់ចក្ខុវិស័យចេញពីបេះដូង និងចេតនារបស់ស្ថាបនិករបស់យើង។ សណ្ឋាគារ Le Palais Hotel កោះ Koh Phangan គឺត្រូវបានបំផុសគំនិតដោយភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត ដែលមានទីតាំងនៅប្រទេសកម្ពុជា។ ប្រទេសកម្ពុជាជាមាតុភូមិនៃស្ថាបនិករបស់យើង ហើយទីនោះស្ថិតនៅក្នុងបេះដូងរបស់គាត់ជានិច្ច។ ថៃជាផ្ទះទី២ ដែលគាត់បានរកឃើញសន្តិភាពផ្លូវចិត្ត នៅក្នុងទឹកដីនៃស្នាមញញឹម»។

សណ្ឋាគារបានបន្ដថា៖«យើងបានបើកសណ្ឋាគារនេះដោយក្ដីកោតសរសើរ ដឹងគុណ និងចំណង់ចំណូលចិត្តចំពោះសិល្បៈដ៏អស្ចារ្យ។ ការស្ថាបនាការតុបតែងនៅទីនេះ ធ្វើឡើងដោយដៃនិងបេះដូង ធ្វើដោយក្រុមការងារថៃ និងកម្ពុជា។ ទោះយ៉ាងណាភាពអស្ចារ្យនឹងនៅតែស្ថិតនៅលើប្រាសាទអង្គរវត្តដ៏អស្ចារ្យ ហើយនឹងមិនត្រូវបានប្រៀបធៀបឡើយ»។ ចំពោះបញ្ហានេះដែរ ខាងការិយាល័យវប្បធម៌ថៃកាលពីម្សិលមិញបាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតទៅលើសណ្ឋាគារ ខណៈដែលសណ្ឋាគារនេះសព្វថ្ងៃមិនទាន់បើកទ្វារវិញនៅឡើយ ដោយសណ្ឋាគារបានបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ៕