ខេត្តកំពង់ធំ ៖ កម្លាំងនគរបាលស្រុកកំពង់ស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងឫស្សី បានឃាត់ខ្លួនជនបង្កម្នាក់ដែលធ្វើសកម្មភាពយកដំបងគប់ទៅលើកញ្ចក់រថយន្តពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ នោះហើយ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចកន្លែងលក់ក្រឡានតាមផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិ វល្លិយាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនបង្កជាជនមានសតិមិនគ្រប់គ្រាន់ និងពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្តរបស់អ្នកធ្វើដំណើរឆ្លងកាត់បណ្តាលឲ្យខូចរថយន្ត៤គ្រឿង ក្នុងនោះរួមមាន៖ ១.-ម៉ាកហ៊ីយ៉ាន់ដាយបែន (បែកកញ្ចក់មុខ), ២-រថយន្តម៉ាកតូយ៉ូតាកូរ៉ូណា (បែកកញ្ចក់មុខ), ៣-រថយន្តម៉ាកតូយ៉ូតាកាមរី (បែកកញ្ចក់មុខ) និង៤-រថយន្តភីកអាប់ (បែកកញ្ចក់មើលក្រោយ)។

ជនបង្ក ត្រូវសមត្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងកំពុងស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីឱ្យមកទទួលយកទៅលំនៅឋានវិញ៕