រាជធានីភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានចេញអនុក្រឹត្យតាំងតាំងលោក ឌឹម នី ជាអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ជំនួសលោក ស៊ិន វណ្ណវុឌ្ឍ ដែលត្រូវផ្ទេរភារកិច្ច។

មន្ដ្រីជាន់ខ្ពស់សាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ របស់លោក ឌឹម នី នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាព លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបទៀតរ។

សូមបញ្ជាក់ថា ការដកតំណែងលោក ស៊ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក បានធ្វើឡើងបន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវលើករណី ការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានរកឃើញថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងពុំបានចូលរួមថែរក្សាការពារផលប្រយោជន៍សាធារណៈ ក៏ដូចជាដីព្រៃតាំងពីរូបលោកកាន់មុខតំណែងជាអភិបាលស្រុកកែវសីមា មកម្ល៉េះ៕