ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដែលគេស្គាល់គ្រប់គ្នាថា ជាមេអាប៉ោងម្នាក់ ពេលឃើញកម្លាំងសមត្ថកិច្ចចុះទៅព័ទ្ធចាប់ ក៏រត់គេចខ្លួនទាំងភិតភ័យខ្លាំងពេក រហូតគាំងបេះដូងស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលត្រពាំងច្រាំង ស្ថិតនៅខាងលិចភូមិផ្គាំចម្ងាយប្រហែល៥០០ម៉ែត្រ ឃុំសិង្ហ ស្រុកអូរជ្រៅ ។

បុរសរងគ្រោះឈ្មោះនៅ ដារ៉ា អាយុ៥៨ឆ្នាំ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ។
មុនពេលកើតហេតុ កម្លាំងនគរបាលចុះទៅបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ អាប៉ោងមួយ នៅចំណុចកើតហេតុខាងលើ។ ពេលសមត្ថកិច្ចចុះបង្ក្រាប ក្រុមអ្នកលេង និងមេអាប៉ោងបាននាំគ្នារត់គេចខ្លួន ចុះទឹកប្រហែល៥០ម៉ែត្រ ស្រាប់តែពេលនោះឈ្មោះ នៅ ដារ៉ា ជាមេអាប៉ោងផង និងមានជំងឺបេះដូងផង បានរត់រហូតគាំងបេះដូងដួលសន្លប់នៅលើភ្លឺស្រែ ហើយត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជួយសង្គ្រោះ និងសែងទៅកាន់មណ្ឌលសុខភាពសឹង្ហ ។ ពេលទៅដល់ លោកវេជ្ជបណ្ឌិតនៅមណ្ឌលសុខភាពបានធ្វើការពិនិត្យ ហើយប្រាប់ថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។

សមត្ថកិច្ចដែលចុះទៅបង្ក្រាបបទល្មើសល្បែងស៊ីសងខាងលើ បានឱ្យដឹងថា អ្នកលេងអាប៉ោង បើចាប់បាន សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំតែប៉ុណ្ណោះ មិនចាប់ដាក់គុកនោះទេ មិនគួរបុរសជាមេអាប៉ោងរូបនេះ ភ័យពេក រត់រហូតគាំងបេះដូងដួលស្លាប់បែបនេះសោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសាកសព រួចបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕