រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ថ្ងៃនេះគ្មានករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ តែមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ម្នាក់ ហើយបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា អ្នកជំងឺដែលជាសះស្បើយ គឺជាបុរសជនជាតិចិន អាយុ២៨ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសហ្វីលីពីន ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ បុរសចិននេះ ត្រូវក្រុមគ្រូពេទ្យ ព្យាបាលជាសះស្បើយ ដោយទទួលបានការធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២ដង ទើបបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែតុលានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ទាំងអស់ចំនួន២៨០នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤នាក់៕