រាជធានីភ្នំពេញ÷ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ដែនជម្រកសត្វព្រៃកែវសីមា មិនត្រឹមតែជាដែនជម្រក សត្វព្រៃដែលមានព្រៃស្រោងនិងអាចលក់ឥណទានកាបូននោះទេ តែជាគឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត។ នេះបើយោងាតមការក្រសួងបរិស្ថាន។

នៅអំឡុងពេលដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នក សារព័ត៌មានចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការអនុវត្តគម្រោងរេដបូកលក់ឥណទាន កាបូននៅក្នុងដែនជម្រកសត្វ ព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី លោក បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមសហការគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលមាន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

លោករដ្ឋលេខាធិការថា ដែនជម្រកសត្វព្រៃកែវសីមាមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ ៧៥ ប្រភេទជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

យោងតាមរបាយ ការណ៍សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយសដែលមាន វត្តមាននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជាង ២០០០០ ក្បាលហើយភាគ ច្រើនមានវត្តមាននៅក្នុងដែនជម្រក សត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿងមានចំនួនប្រមាណ ១២០០ក្បាល។

បច្ចុប្បន្ននេះ តំបន់ជម្រកសត្វស្វាកន្ទុយសនិងទោចថ្ពាល់លឿងក្នុងសហគមន៍អណ្តូងក្រឡឹង ក្នុងភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ជាទេសចរបរទេសឱ្យមកទស្សនាកម្សាន្តផងដែរ៕