រាជធានីភ្នំពេញ÷ ការវាយប្រហារតាមរយៈ Ransomware គឺជាដំណើរការជ្រៀតចូល និងធ្វើការអុីនគ្រីបទិន្នន័យក្នុងកុំព្យូទ័រ ក្នុងគោលបំណងជំរិតទារប្រាក់ពីក្រុមហ៊ុន ឬបុគ្គលជាថ្នូរនឹងការទទួលបានលេខកូដដើម្បីបើកទិន្នន័យទាំងនោះវិញបាន។

ការវាយប្រហារតាមរយៈអុីនគ្រីបទិន្នន័យដើម្បីទាមទារប្រាក់មានការកើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗមួយចំនួនទៀត ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យមានមនុស្សជាច្រើនចាប់ផ្ដើមប្រើកុំព្យូទ័រដើម្បីប្រកបមុខរបរ និងការងារផ្សេងៗ។

ដោយឃើញពីគុណវិបត្តិនេះហើយ ទើបកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ រតនាគារសហរដ្ឋអាមេរិកបានប្រកាសថា រាល់ការសម្របសម្រួលបង់ប្រាក់ទៅឱ្យក្រុមពួកអ្នកវាយប្រហារដែលបានបញ្ចូលក្នុងបញ្ជីហាមឃាត់នោះ (Sanctioned hackers) អាចជារឿងខុសច្បាប់ និងអាចរងការផាកពិន័យផងដែរ។

ជាមួយគ្នានេះដែរ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់រតនាគារក៏បានព្រមានថា អ្នកធ្វើការសម្របសម្រួលអាចនឹងត្រូវផ្តន្ទាទោស ទោះបីជាពួកគេឬជនរងគ្រោះមិនបានដឹងថា ពួកអ្នកវាប្រហារនោះគឺជាក្រុមនៅក្នុងបញ្ជីហាមឃាត់ក៏ដោយ។

លោក Alon Gal ប្រធានផ្នែកបច្ចេកវិទ្យា នៃក្រុមហ៊ុន Hudson Rock ដែលជាអ្នកជំនាញផ្នែកទប់ស្កាត់ពីការវាយប្រហារគំរាមទារប្រាក់បាននិយាយថា ការណែនាំថ្មីរបស់រដ្ឋាភិបាលនេះគឺវាធ្វើឱ្យមានការផ្លាស់ប្ដូរពីរបៀបលោះយកទិន្នន័យពីក្រុមអ្នកវាយប្រហារទាំងមូល។

លោកក៏បានបញ្ជាក់ផងដែរថា កាលពីមុនក្រុមហ៊ុនអាចធ្វើការសម្រេចចិត្តថាត្រូវបង់ ឬមិនបង់ប្រាក់ទៅឱ្យក្រុមជនល្មើសទាំងនោះបាន ប៉ុន្តែពេលនេះរាល់ការសម្រេចចិត្តទាំងនោះគឺត្រូវមានការត្រួតពិនិត្យពីរដ្ឋាភិបាលជាមុនសិន ព្រមទាំងមានការចាត់វិធានការយ៉ាងតឹងរឹងជាងមុនចំពោះករណីទាំងនេះទៀតផង៕