ភ្នំពេញ៖ មណ្ឌលផ្តល់សេវាកម្មសាធារណៈថ្មីរបស់ក្រសួងសាធារណ​ការ និង ដឹងជញ្ជូន ដែលមានវត្តមានក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០២០ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន និង ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ។

មណ្ឌលផ្តល់សេវាកម្មសាធារណៈ របស់ក្រសួងសាធារណ​ការ និង ដឹងជញ្ជូន សាខា ណូរ៉ូ ម៉ល មានផ្តល់សេវាកម្មដូចជា ចុះបញ្ចីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្តូរបណ្ណបើកបរ ។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជា​ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងថា៖ «ការផ្តល់ជូនទីតាំងដោយមិនគិតកំរៃសម្រាប់រៀបចំមណ្ឌលផ្តល់សេវាកម្មសាធារណៈនេះ ឆ្លុះបង្ហាញពីគោលជំហររបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនក្នុងស្រុក ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឲ្យការផ្តល់សេវាកម្មសាធារណៈកាន់តែប្រសើរឡើង និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទីផងដែរ។»

ទន្ទឹមនឹងនេះ ដើម្បី​កាន់តែផ្តល់ភាពងាយស្រួលក្នុងការបង់កម្រៃសេវាសាធារណៈ  និងកាត់បន្ថយពេលវេលា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ដែលជាពាណិជ្ជកម្មមួយទៀត របស់ក្រុមហ៊ុន ជីប ម៉ុង ក៏បានចាប់ដៃគូសហការជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងការផ្តល់ជូននូវមធ្យោបាយថ្មីក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល​​តាម​​កម្មវិធីទូរសព្ទដៃ​ Chip Mong Bank App បាន​ផងដែរ។

មណ្ឌលផ្តល់សេវាកម្មសាធារណៈ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ខាសា ណូរ៉ូ ម៉ល ស្ថិត​នៅ​ជាន់​ទី៣ និង​បើក​ដំណើរ​ការចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ​ចន្លោះ​ពី​ម៉ោង៩ព្រឹក រហូតដល់ម៉ោង៩យប់ ៕​