ភ្នំពេញ៖ ជនសង្ស័យ៤នាក់ជាមុខសញ្ញាប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ មានទាំងកាំភ្លើងខ្លី១ដើមផង ត្រូវបានសមត្ថកិច្ចធ្វើការបង្ហាញមុខជាសាធារណៈ នៅស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ រួចបន្តកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធី។

ជនសង្ស័យទាំង៤នាក់មាន៖ ទី១-ឈ្មោះ ជិន រស្មី ហៅម៉ី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ និងស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី២-ឈ្មោះ ឆែម ស័ក្កសុខគា ហៅ សាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ដូរ និងស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ទី៣-ឈ្មោះ សេន ណាខិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកអីវ៉ាន់ និងស្នាក់នៅផ្ទះលេខអា១៦ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងទី៤-ឈ្មោះ លាង រតនា ហៅ តូច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ដូរ និងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៩៩ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥ និង៣០ នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សាដោយមានអាវុធខ្លី ម៉ាកកា៥៩ ឆក់ទូរស័ព្ទដៃម៉ាកVIVO និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខ ផ្ទះលេខ៦៤អឺ០ ផ្លូវលេខ១២៨កែងផ្លូវ លេខ៩៣ ភូមិ៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ បង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូចំនួន៣គ្រឿង ។ ពេលធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះបានសម្រេចហើយ ម្ចាស់ម៉ូតូកង់បីដែលជាជនរងគ្រោះ កំពុងបើកបានកាច់ចង្កូតម៉ូតូកង់បីកៀរម៉ូតូរបស់ជនសង្ស័យបណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យរត់ចោលម៉ូតូទៅឡើងជិះម៉ូតូជាមួយបក្ខពួកហើយបានដកអាវុធខ្លីមួយដើមម៉ាកកា៥៩កាន់នៅដៃជាស្រេច នាំគ្នាជិះគេចខ្លួនបាត់អស់ ។

លុះដល់វេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៤នាក់នៅចំណុចបន្ទប់លេខ ៩៩៩ ផ្ទះសំណាក់កាកា ផ្លូវវត្តទួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
កន្លងទៅ ជនសង្ស័យទាំង៤នាក់ធ្លាប់ធ្វើសកម្មភាពឆក់ប្លន់ចំនួ២ករណី៖

ករណីទី១. អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់កាបូបដៃ ពណ៌ខ្មៅ ប្រព្រឹត្តកាលពីវេលាម៉ោង៦ និង២០នាទីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខហាងកាហ្វេប៉ោយប៉ែត ផ្ទះលេខ១៨ ផ្លូវលេខ២៤២ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

ករណីទី២. អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាឆក់ទូរសព្ទ័ដៃ ប្រព្រឹត្តកាលវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្សារTK ផ្ទះលេខ០០៧ ផ្លូវលេខ៣១៥ ក្រុម៣២ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ៕