រាជធានីភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីបញ្ចក់កម្មវិធីផឹកស៊ីជាមួយមិត្តបានបើកម៉ូតូត្រឡប់ទៅផ្ទះវិញតែម្នាក់ឯង តែចៃដន្យអាក្រក់ ម៉ូតូអស់សាំងនៅពាក់កណ្តាលផ្លូវ ស្រាប់តែពេលជន១ក្រុមជាចិត្តល្អ ជួយទៅទិញសាំងមកចាក់ ហើយសុំឡើងបញ្ឆេះសាក លុះពេលម៉ូតូឆេះ ក៏បើកយកម៉ូតូនោះ គេចខ្លួនទៅបាត់ស្រមោល។

ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៤៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្បែរភោជនីយដ្ឋានផ្ទះផាតធី ផ្លូវបែកជាបួន លើផ្លូវ១៣៨ កែងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ម៉ូតូដែលជនសង្ស័យយកទៅបាត់នោះ ម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 0233 (មិនចាំអក្សរមុនខាងមុខ) មានម្ចាស់ឈ្មោះ មៀន ចិត្រា អាយុ២៨ឆ្នាំ ភេទប្រុស មុខរបរ ជួយលក់រថយន្ត ស្នាក់នៅ ហ្គារ៉ាស លក់រថយន្តមួយកន្លែង នៅតាមផ្លូវកម្ពុជាក្រោម ខាងកើតស្ពានអាកាសពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿង ចេញពីផឹកស៊ីនៅហ្គារ៉ាសលក់រថយន្តថៅកែរបស់ខ្លួនសាខាទី២ លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូអស់សាំងហើយពេលចុះបណ្ដើរបានបន្តិច ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿងពីក្រោយ ធ្វើជាចិត្តល្អមកជួយធាក់ម៉ូតូរបស់គាត់ និងជួយទៅទិញសាំង១ដបទឹកសុទ្ធ(កន្លះលីត្រ) មកបើកកែបម៉ូតូរបស់គាត់ រួចចាក់សាំងចូល រួចក៏ធ្វើជាបញ្ឆេះឲ្យគាត់មើល ហើយឡើងបើកគេចខ្លួនបាត់ស្រមោល តែម្ដង ទើបគាត់ភ្ញាក់ខ្លួនដឹងថា ចោរប្រើល្បិចសោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទឹកល្អក់ទី២ ក៏បានចុះមកពិនិត្យមើលដល់កន្លែងកើតហេតុ និងនាំជនរងគ្រោះទៅកាន់ស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី២ ដើម្បីដាក់ពាក្យបណ្តឹង តែជនរងគ្រោះប្រាប់ថា រូបគេងងុយខ្លាំងហើយ សុំឲ្យសមត្ថកិច្ចជួយដឹកទៅឃ្លាំងលក់រថយន្តថៅកែរបស់ខ្លួនវិញសិន ចាំស្អែកព្រឹក ទើបមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕