រាជធានីភ្នំពេញ ៖ បុរសម្នាក់ទៅបង់សំណាញ់ដើម្បីយកត្រី ដឹងអីបែរជាទៅជាប់កាំភ្លើងAK47 ស្វាយបត់១ដើម ក៏បានរាយការណ៍ជូននគរបាលឲ្យទៅទទួលយកទៅរក្សាទុក និងធ្វើការស្រាវជ្រាវតាមជំនាញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងស្រះទឹកមួយកន្លែងក្បែរបុរី ផុន ស៊ុយ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ បុរសជាអ្នកបង់សំណាញ់ជប់កាំភ្លើងនេះឈ្មោះ ខុន អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងភូមិខាងលើ។

មុនពេលកើតហេតុ បុរសរូបនេះបានទៅបង់សំណាញ់នៅក្នងស្រះទឹកខាងលើ ដើម្បីយកត្រីមកធ្វើម្ហូបដូចសព្វមួយដង។ តែមិនជាប់ត្រី បែរជាជាប់កាំភ្លើងAK47 ស្វាយបត់ មួយដើម ដែលជនមិនស្គាល់មុខច្រកក្នុងការ៉ុងពណ៌ផ្ទៃមេឃ ទម្លាក់ចោលក្នុងស្រះទឹកនោះ ហើយគាត់បានយកកាំភ្លើងAK47នោះ ទៅកាន់ផ្ទះមន្ត្រីយោធាម្នាក់ ដើម្បីជួយពិនិត្យមើល រួចយកទៅប្រគល់ជូនសមត្ថកិច្ច ប៉ុន្តែពេលទៅដល់មន្ត្រីយោធាអត់នៅផ្ទះ គឺនៅតែប្រពន្ធ ។ គាប់ជួនមានបុរសអ្នករត់ម៉ូតូកង់បីម្នាក់ទៅដល់ ស្គាល់លេខទូរស័ព្ទនគរបាលប៉ុស្តិ៍ចោមចៅទី២ ក៏ជួយរាយការណ៍ជូនឲ្យមន្រ្តីគរបាលប៉ុស្តិ៍ ទៅទទួលយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវបន្តតែ៕