ខេត្តស្វាយរៀង ៖ បុរសនិងក្មេងប្រុស២នាក់ ពេលមានភ្លៀងធ្លាក់ខ្លាំង បាននាំគ្នាកៀងក្របីត្រឡប់មកផ្ទះត្រូវរន្ទះបាញ់ក្មេងប្រុសស្លាប់ និងបុរសម្នាក់ទៀតនោះរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ស្ថិតក្នុងភូមិបាយាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។

ក្មេងប្រុសដែលស្លាប់ ឈ្មោះចាន់ ឌី អាយុ១៣ឆ្នាំ ជាសិស្ស រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ចំណែកអ្នករងរបួស ឈ្មោះឃឹន ធី អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិជាមួយគ្នា។

អ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុ ផ្ទៃ មានភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ផង បុរសឈ្មោះឃឹន ធី និងក្មេងប្រុសឈ្មោះចាន់ ឌី បាននាំគ្នាកៀងក្របីត្រឡប់មកផ្ទះវិញ។ ពេលអ្នកទាំងពីរកំពុងដើរតាមវាលស្រែ ស្រាប់តែត្រូវរន្ទះបាញ់ បណ្ដាលឱ្យក្មេងប្រុសឈ្មោះចាន់ ឌី ស្លាប់។ ឯបុរសឈ្មោះឃឹន ធី ដេកដួលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យសពក្មេងប្រុសដែលស្លាប់ រួចប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕