ខេត្តស្រះកែវ៖ ប្រជាពលរដ្ឋខ្មែរចំនួន៧នាក់ ក្នុងនោះប្រុស២ស្រី៤ និងកុមារាម្នាក់ ប្រថុយឆ្លងដែនចូលក្នុងទឹដីថៃ ត្រូវបានទាហានឈុតខ្មៅថៃ កងរយ១២០៥ សហការជាមួយកម្លាំងជំនាញស្រុកអារញ្ញ ចាប់ខ្លួននៅបន្ទាត់ព្រំដែនក្នុងស្រុកអារញ្ញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

នេះបើយោងតាមកាចុះផ្សាយលើគេហទំព័រនិងកាសែតក្នុងស្រុកថៃ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ។
ពលរដ្ឋខ្មែរចំនួន៧នាក់ខាងលើ បានប្រាប់សមត្ថកិច្ចថៃ ថា ដោយសារបញ្ហាកូវីដ ពួកគាត់គ្មានការងារធ្វើ ហើយគ្រួសារជួបប្រទះការខ្វះខាត ទើបបបួលគ្នាបង្ខំចិត្តលួចឆ្លងដែនខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅចំណុចផ្សាររុងក្លឿ ក្នុងទឹកដីថៃ។

ក្រោយឃាត់ខ្លួន ប្រជាពលរដ្ឋទាំងនេះត្រូវសមត្ថកិច្ចថៃ នាំយកទៅបន្ទាយទាហានកងរយ១២០៥ ដើម្បីសាកសួរបន្ត មុនបញ្ជូនទៅឲ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា តាមច្រកកិច្ចព្រមព្រៀងMOU ច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕