ខេត្តប៉ៃលិន ៖ ម៉ូតូ២គ្រឿងបានបើកបរពេលយប់ក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះចំនួន៣នាក់ រងរបួសធ្ងន់ស្រាល ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៣ និង១០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្សារតាប៉ាច ភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

មន្ត្រីនគរបាល បានឲ្យដឹងថា ភាគីទី១-ឈ្មោះ ភឹម សុគា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅរស់នៅភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកclick ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង ១AH-២៦៦១ (គ្មានមួកជិះឌុបប្រពន្ធ បើកបរពីលិចទៅកើត រងរបួសស្រាល)។

អ្នករួមដំណើរឈ្មោះ ទេស អាយទះ ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅរស់នៅភូមិជាមួយគ្នា (រងរបួសធ្ងន់បាក់ដងកាំបិតខាងស្ដាំ)។ ចំណែក ភាគីទី២ ឈ្មោះ អៀន រ៉េន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកម៉ូតូវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1B-៤១៣៦ (គ្មានរបួសបើកបរពីលិចឆ្លងផ្លូវបត់ចូលចូលផ្សារ)។ អ្នករួមដំណើរឈ្មោះ ហេង សុផាន្នី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅរស់នៅភូមិជាមួយគ្នា (រងរបួសស្រាល)។

សមត្ថកិច្ច បញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើងដោយកត្តាមនុស្ស បើកបរដោយខ្ជីខ្ជា និងខ្វះការប្រុងប្រយ័ត្ន(ដោយភាគីទី២ បានធ្វើដំណើរពីកើតទៅលិច ហើយបានបត់ចូលផ្សារពេលនោះម៉ូតូភាគីទី១ក៏បានជិះស្របផ្លូវហើយឃើញម៉ូតូភាគីទី២បត់ចូលផ្សារក៏គេច តែគេចមិនផុតបណ្ដាលអោយទាក់ឈ្នាន់ម៉ូតូគ្នា ហើយរេចង្កូតដួល)។

បច្ចុប្បន្នវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការប្រជាការពារភូមិផ្សារព្រំជើង រឺឯអ្នករបួសត្រូវបានយកទៅពេទ្យព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕