ខេត្តត្បូងឃ្មុំ ៖ មនុស្សប្រុសស្រី៥នាក់កំពុងលើកដំឡូងមីដាក់លើរ៉ឺម៉កត្រាក់ទ័រ ពេលកំពុងភ្លៀងរលឹម ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់។

ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចចម្ការដំឡូងមួយកន្លែង ជាប់ព្រំដែនវៀតណាមត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨២ និង៨៣ ខាងត្បូងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជាំក្រវៀន បានឱ្យដឹងថា អ្នករងគ្រោះដោយរន្ទះបាញ់ស្លាប់ឈ្មោះ វិន ថាង ភេទប្រុស អាយុ៣៥ឆ្នាំ ។
ចំណែកអ្នករងរបួស៤នាក់ទៀត ទី១.ឈ្មោះ ផេង ឌីន ភេទស្រី អាយុ២២ឆ្នាំ (របួសស្រាល), ទី២.ឈ្មោះ ចក ចេន ភេទប្រុស អាយុ២៩ឆ្នាំ (របួសធ្ងន់) , ទី៣.ឈ្មោះ ជិន កែវឡាយ ភេទប្រុស អាយុ ២៧ឆ្នាំ (របួសធ្ងន់) និង៤. ឈ្មោះ សឿន គិស ភេទប្រុស អាយុ៣៨ឆ្នាំ (របួសស្រាល) ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។ ឯអ្នកស្លាប់ម្នាក់ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕