រាជធានីភ្នំពេញ÷ ក្រុមអង្កេតតាមដានសត្វព្រៃ បានរកឃើញសំបុកសត្វត្រយងយក្សចំនួនមួយសំបុកក្នុងរដូវពងកូនឆ្នាំ២០២០នៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការWcs cambodia។

សត្វត្រយងយក្ស ឬឪលើក (Giant ibis) មានវត្តមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ និងជាបក្សីជាតិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។ សត្វត្រយងយក្សជាប្រភេទជិតផុតពូជបំផុតហើយចំនួនរបស់វាមាននៅសេសសល់ប្រហែលពីរបីរយក្បាលប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា។

កាលពីឆ្នាំ ២០១៩ ប្រជាសហគមន៍បានរកឃើញសំបុកត្រយងយក្សចំនួន ៣សំបុកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងបានយាមការពាររហូតដល់កូនត្រយងយក្សពីរក្បាលបានញាស់ហើរចេញពីសំបុកដោយសុវត្ថិភាព។ ក្រុមការងារនឹងបន្តសហការជាមួយសហគមន៍មូលដ្ឋានដើម្បីការពារនិងរុករកសំបុកសត្វប្រភេទនេះបន្ថែមទៀត៕