រាជធានីភ្នំពេញ÷ កាលពីល្ងាចថ្ងៃអាទិត្យប៉ុន្មានម៉ោងមុននេះ(ម៉ោងនៅសហរដ្ឋអាមេរិក) តុលាការនៅ Washington DC បានសម្រេចឱ្យផ្អាកការបញ្ជាឱ្យបិទការទាញយកកម្មវិធី TikTok ជាបណ្ដោះអាសន្ន បន្ទាប់ពីតុលាការនេះបានទទួលពាក្យបណ្ដឹងជំទាស់ពីក្រុមហ៊ុន TikTok។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

លោក John Hall ដែលជាមេធាវីតំណាងឱ្យក្រុមហ៊ុន TikTok បានធ្វើការទាមទារកយុត្តិធម៌ថា កម្មវិធី TikTok អាចចាត់ទុកថាជាកន្លែងសម្រាប់វេទិការសាធារណៈមួយ ដូច្នេះការបិទកម្មវិធីនេះក៏ដូចជាការបិទនូវការបញ្ចេញមតិមួយផងដែរ។ ទឡ្ហីករណ៍របស់មេធាវីរូបនេះគឺវាស្រដៀងទៅនឹងទឡ្ហីករណ៍ដែល លោកស្រីមេធាវីរបស់ក្រុមហ៊ុន WeChat បានប្រើដើម្បីការពារកូនក្ដីរបស់ខ្លួនកាលពីសប្តាហ៍មុនដែរ។

លោក Daniel Schwei ដែលជាមេធាវីតំណាងឱ្យក្រសួងយុត្តិធម៌របស់សហរដ្ឋ អាមេរិកបានឆ្លើយតបវិញថា ការព្រួយបារម្ភនឹងការបញ្ចេញមតិ គឺវាមិនមានអ្វីទាក់ទងនឹងសន្តិសុខជាតិនោះទេ ហើយលោកក៏បានបន្ថែមទៀតថា អ្វីដែលគួរឱ្យព្រួយបារម្ភនៅ ពេលនេះគឺ សន្តិសុខទិន្នន័យរបស់អ្នកប្រើប្រាស់ដែលអាចបែកធ្លាយទៅឱ្យរដ្ឋាភិបាលចិន ដែលនេះជាការប៉ះពាល់ដល់សន្តិសុខ ជាតិយ៉ាងខ្លាំង។

គួររំឭកផងដែរថា ក្រសួងពាណិជ្ជកម្មបានបញ្ជាឱ្យ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បិទកម្មវិធី TikTok លើកដំបូងនៅរសៀលថ្ងៃអាទិត្យទី២០ ខែកញ្ញា ប៉ុន្តែក្រសួងបានពន្យារការបិទមួយសប្តាហ៍ទៀតក្រោយពីក្រុមហ៊ុន TikTok និងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនទៀត ដូចជាក្រុមហ៊ុន Oracle និងក្រុមហ៊ុន Walmart បានរៀបចំកិច្ចព្រមព្រៀង ថ្មីមួយដើម្បីចៀសវាងពីការបិទនេះ ផ្ទុយទៅវិញអ្វីដែលមិនច្បាស់នឹងមានភាពចម្រូងចម្រាសនោះគឺ ថាតើក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ឬក្រុមហ៊ុនរបស់ចិននឹងគ្រប់គ្រងភាគហ៊ុនច្រើនជាងគេសម្រាប់ក្រុមហ៊ុន TikTok Global ថ្មីនេះ៕