ខេត្តសៀមរាប ៖ យុវជនដែលកាត់តបញ្ចូលសំឡេងស្រែកទ្រហោយំរបស់ប្រជាពលរដ្ឋ ចោទប្រកាន់មកលើអាជ្ញាធរក្នុងបណ្តាញសង្គម Tik Tok ថា រដ្ឋបាលខេត្តសៀមរាប ចុះរុះរើរបងផ្ទះ ដោយមិនមានការព្រមព្រៀងពីម្ចាស់ផ្ទះជិត១០០ផ្ទះនោះ បានចេញមុខមកសារភាពកំហុស និងសុំទោសជាសាធារណៈ ក្នុងបណ្តាញសង្គម Tik Tok នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ហើយ។

យុវជនដែលកាត់តបញ្ចូលសំឡេងស្រែកទ្រហោយំរបស់ប្រជាពលរដ្ឋនោះ ឈ្មោះ ទ្រី គឹមហាន ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង តែបច្ចុប្បន្នបានមក រស់នៅក្នុងខេត្តសៀមរាប និងបានជួលផ្ទះដើម្បីប្រកបមុខរបរផ្ទះសំណាក់ ដែលស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានកាត់តបញ្ជូលបន្ថែមសម្លេងស្រែកទ្រហោយំរបស់ប្រជាពលរដ្ឋចោទប្រកាន់មកលើអាជ្ញាធរ ក្នុងបណ្តាញសង្គម Tik Tok និងសរសេរជាខ្លឹមសារថា៖ “រដ្ឋបាលខេត្តសៀមរាប ចុះរុះរើរបងផ្ទះ ដោយមិនមានការព្រមព្រៀងពីម្ចាស់ផ្ទះជិត១០០ផ្ទះ”។

យុវជននេះសារភាពថា មូលហេតុដែលខ្លួនកាត់តបញ្ចូលសំឡេងស្រែកទ្រហោយំរបស់ប្រជាពលរដ្ឋ ចោទប្រកាន់មកលើអាជ្ញាធរក្នុងបណ្តាញសង្គម Tik Tok នោះ គឺដើម្បីចង់បានការចាប់អារម្មណ៍លើគណនីបណ្តាញសង្គម TikTokរបស់ខ្លួន និងដើម្បីផលប្រយោជន៍ក្នុងការធ្វើអាជីវកម្មផ្ទះសំណាក់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ការពិតជាក់ស្តែង បងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវដែលរដ្ឋបាលខេត្តបានបើកចាប់ពីផ្លូវជាតិលេខ៦ ភ្ជាប់ទៅផ្លូវ៧មករា គឺសុទ្ធតែបានសម្រុះសម្រួល និងការចូលរួមរុះរើដោយស្ម័គ្រចិត្ត ហើយរូបភាពដែលយុវជនរូបនេះយកមកកាត់តនោះ គ្រាន់តែជាសកម្មភាពរបស់អាជ្ញាធរបានជួយដល់ការរុះរើរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

រដ្ឋបាលខេត្ត ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ សូមប្រើប្រាស់បណ្តាញសង្គមឲ្យបានត្រឹមត្រូវ កុំបំភ្លៃការពិត។ រដ្ឋបាលខេត្ត នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសាធារណៈមតិ ដែលលើកឡើងនូវសំណូមពរ បញ្ហាប្រឈម ដោយមានមូលដ្ឋានច្បាស់ ដើម្បីរដ្ឋបាលខេត្ត មានលទ្ធភាពដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា៕