ខេត្តកំពត ៖ យុវជន២នាក់ ក្រោយពីអង្គុយព័ទ្ធវង់គ្នាផឹកស្រាស្រវឹងស្រឿងៗ ស្រាប់តែកើតមានជម្លោះនឹងរឿងចាក់បទចម្រៀង រហូតផ្ទុះកំហឹងយកចានដាក់សាច់ក្លែម វាយគ្នាបែកក្បាលម្នាក់ហូរឈាមកក្លាក់ ខណៈដែលភាគីម្ខាងទៀត ត្រូវជាប់ខ្នោះដៃអាល័យឪម៉ែ។

ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោ១២ និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ។

ជនរងគ្រោះឈ្មោះទិត រ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រងរបួស ក្រោមក្លៀកឆ្វេង១ កន្លែង កឆ្វេង១កន្លែង និងស្មាឆ្វេង១កន្លែង។ ចំណែក ជនសង្ស័យឈ្មោះឡុង វាសនា ហៅយ៉ាត់ ភេទប្រុស អាយុ២៦ឆ្មាំ នៅជាមួយគ្នា បានយកចានថ្មអុកក្បាលជនរងគ្រោះ បែកចាន យកអំបែងចានទៅប្រតាយប្រតប់លើជនរងគ្រោះបណ្តាលអោយរងរបួស។ មូលហេតុ ស្រវឹងស្រា ដណ្តើមគ្នាបើកទូរស័ព្ទ ស្តាប់ បទចម្រៀង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលមុខរបួស។ ចំណែក ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅចាត់ការតាមច្បាប់៕