រាជធានីបាងកក៖ ប្រជាពលរដ្ឋខ្មែរឆ្លងដែន ដោយខុសច្បាប់ ចូលទៅទឹកដីថៃ ក៏ត្រូវប៉ូលិសខេត្តស្រះកែវ បានឃាត់ខ្លួនពួកគេ ចំនួន១៣នាក់ នៅតាមព្រំដែន នៃខេត្ដនេះ តែបើគិតក្នុងរយ:ពេល២សប្ដាហ៍កន្លងមកនេះ អាជ្ញាធរថៃ បាន ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន២៣នាក់។

បើតាមសារព័ត៌មានថៃ Phuket Gazette បានផ្សាយ កាលពីថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២០ ថា ប៉ូលិសថៃ បានចាប់ខ្លួន ជនអន្ដោប្រវេសន៍ជាជនជាតិខ្មែរ ចំនួន១៣នាក់ ឆ្លងដែនដោយខុសច្បាប់ ចូលមកក្នុងប្រទេសថៃ នៅតាម ព្រំដែន ខេត្ដស្រះកែវ ( Sa Kaeo) ។ ការឃាត់ខ្លួនពួកគេនេះ បានធ្វើឡើង នៅវេលាម៉ោង២រំលងអធ្រាត្រ នៅភូមិ Ban Nong Phai ឃុំ Ta Phraya ខេត្តស្រះកែវ។

ប៉ូលិស បានឲ្យដឹងថា ជនអន្ដោប្រវេសន៍ទាំងនេះ បានឆ្លងដែន ដោយខុស ច្បាប់ ចូលមកក្នុងប្រទេសថៃ តាមរយ:មេខ្យល់ ហើយមានជនជាតិថៃ ជាអ្នក​បើករថយន្ដទៅចាំទទួល។ រីឯជនជាតិខ្មែរទាំងនេះ នឹងត្រូវគេដឹកទៅកាន់ Nonthaburi ក្រុងបាងកក និង Nakhon Nayok ហើយខេត្តដទៃទៀត។

បើតាមសម្ដីពលករទាំងនោះ បានប្រាប់ប៉ូលិសថៃថា ពួកគេត្រូវបង់​លុយចំនួន​៣០០០បាត (លុយថៃ) ទៅឲ្យមេខ្យល់ សម្រាប់ការនាំ​ឆ្លងដែនចូល​មកក្នុង​ប្រទេស​ថៃ។

ប៉ូលិសថៃ បានបញ្ជាក់ថា ជនអន្ដោប្រវេសន៍ ជាជនជាតិខ្មែរទាំងនេះ នឹងត្រូវ​បញ្ជូនទៅកាន់ស្ថានីយប៉ូលិសTa Phraya ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា អ្នកបើកបរជាជនជាតិថៃ ដែលដឹកជញ្ជូនជនអន្ដោប្រវេសន៍ខុសច្បាប់នោះ នឹងត្រូវប្រឈមមុខ​នឹងការ​ចោទ​ប្រកាន់ដែរ ឬយ៉ាងណានោះទេ។ ប៉ុន្ដែបើគិត​ក្នុងរយ:​ពេល២សប្ដាហ៍​កន្លងមកនេះ អាជ្ញាធរថៃបានចាប់ខ្លួន​ជនអន្ដោប្រវេសន៍​ខ្មែរចំនួន២៣នាក់​រួចមកហើយ។

រហូតមកដល់ពេលនេះ អាជ្ញាធរថៃបានបង្កើនការត្រួតពិនិត្យ នៅតាម​ព្រំដែន​ជាមួយ​នឹងប្រទេសជិតខាងយ៉ាងខ្លាំង ក្រោយផ្ទុះការរាតត្បាត នៃវីរុសកូរ៉ូណា​កាន់តែច្រើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សកម្មភាព​របស់អាជ្ញាធរ​ថៃ​បែបនេះ ក៏ដោយសារតែថៃមានការភ័យខ្លាច អំពីរលកទី២ នៃកូវីដ១៩នេះ៕