ខេត្តកំពង់ឆ្នាំង: មន្ត្រីយោធាលង្វែកម្នាក់ ខណៈដែលបើកម៉ូតូដេញចាប់ចោរលួចម៉ូតូពលរដ្ឋ មិនប្រយ័ត្នបានធ្លាក់ជង្ហុក ហើយខ្ទាតចូលទឹកបឹង បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីនៅវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមាន ឈ្មោះ សាយ វិសាល ជាទាហាននៅបន្ទាយស្ពានពោធិ៍ ឃុំលង្វែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានចោរញីឈ្មោល២នាក់ បានលួចកាច់កម៉ូតូប្រជាពលរដ្ឋ ហើយជនរងគ្រោះប្រទះឃើញ ក៏បើកម៉ូតូដេញតាមជួយចាប់ចោរ តែកុសល បានដួលម៉ូតូ ខ្ទាតធ្លាក់ចូលក្នុងទឹកបឹង បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ។ ចំណែក ជនសង្ស័យ ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ច សហការគ្នាចាប់បានចោរស្រីម្នាក់ភ្លាម និងចោរប្រុស បានរត់ចូលទឹកបឹង ប្រហែល១ម៉ោងក្រោយមក ក៏ចាប់បាន។

ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។ ចំណែក សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យ តាមប្រពៃណី៕