រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ដែលកំពុងជិះម៉ូតូល្បាត បានអន្តរាគមន៍ឡោមព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១នឹង៣០នាទី ត្រង់ចំណុចផ្ទះលេខ៨៤ ផ្លូវលេខ៦ បុរីពិភពថ្មីកួរស្រូវ ស្ថិតនៅភូមិ ក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ថេង សុវត្ថឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិលេខ៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉េង ជីវ័ន្ត ហៅហ័រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួលភូមិចុងដី សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន ឈើជ្រុងប្រវែង៨០សង់ ទីម៉ែត្រចំនួន១ដើម , ដែកចំរឹងបង្អួចប្រវែង៥០ សង់ទីម៉ែត្រចំនួន៣ ,ទូរទស្សន៍ម៉ាកសាំសុងពណ៌ខ្មៅចំនួន១គ្រឿង, តេឡេទូរទស្សន៍ម៉ាកសាំសុងពណ៌ខ្មៅចំនួន១។

លោកអធិការបានបន្តថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១នឹង ៣០នាទី ជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះ ម៉េង ជីវ័ន្ត ហៅហ័រ ភេទប្រុស អាយុ១៨ឆ្នាំ, ទី២-ឈ្មោះ ង៉ោ ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាBeat ពណ៌ក្រហម មិនស្គាល់ផ្លាកលេខ លេខតួនិងលេខម៉ាស៊ីន មកធ្វើសកម្មភាពប្រើឈើជ្រុងប្រវែង៨០សង់ ទីម៉ែត្រ គាស់ចំរឹងបង្អួចផ្ទះរបស់ជនរងគ្រោះឈ្មោះ ថេង សុវត្ថឌី ភេទប្រុស អាយុ៣៩ឆ្នាំ ត្រង់ចំណុចផ្ទះលេខ៨៦ បុរីពិភពថ្មីកួរស្រូវ ផ្លូវបេតុងលេខ០៦ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយផ្ទះកើតហេតុនេះជនរងគ្រោះបានបិទទ្វារចាក់សោរទុកចោល គ្មានមនុស្សរស់នៅ និងដេកយាមទេ ប៉ុន្តែជនរងគ្រោះបានចេញចូលម្តងម្កាល។

ពេលជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពគាស់កញ្ចក់បង្អួច ហើយគាស់ចំរឹងបង្អួចបាក់អស់ចំនួន៣ រួចជនសង្ស័យម្នាក់ឈ្មោះ ម៉េង ជីវ័ន្ត ហៅហ័រ បានលូនចូលទៅក្នុងផ្ទះ រើកកាយខោអាវនៅក្នុងទូរ និងលួចយកសម្ភារ បម្រុងលើកចេញមកខាងក្រៅ ដែលមានបក្ខពួកគេម្នាក់កំពុងចាំនៅខាងក្រៅ ក៏ត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខបុរីពិភពថ្មី បានឃើញក៏ស្រែកឆោឡោថា ចោរៗ។ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះស្រាប់ បានជួយអន្តរាគមន៍ឡោមព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ឈ្មោះ ម៉េង ជីវ័ន្ត ហៅ ហ័រ រួមនិងវត្ថុតាង យកមកសាកសួរនៅអធិការ ដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ចំណែកជនសង្ស័យឈ្មោះ ង៉ោ បានបើកម៉ូតូគេចខ្លួនបាត់។

ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពគាស់កញ្ចក់បង្អួច និងចំរឹងបង្អួចផ្ទះរបស់ជនរងគ្រោះ រួចចូលលួចយកទ្រព្យសម្បត្តិ ប្រាកដមែន ហើយកន្លងមករូបគេ (ជនសង្ស័យ) និងបក្ខពួកធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានចំនួន១លើករួចមកហើយនៅក្នុងបុរីពិភពថ្មីខាងលើ រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕