រាជធានីភ្នំពេញ៖ ស្រីស្អាតវ័យក្មេងសាច់សខ្ចីម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន ចំណុចតាមបណ្តោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នាំទៅចាត់ការតាមច្បាប់ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសចោរកម្ម។

ស្រីស្អាតវ័យក្មេងដែលសមត្ថកិច្ចធ្វើការចាប់ខ្លួននេះ មានឈ្មោះ សេង គឹមលី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែក នារីរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ង៉ាម ស្រស់ ភេទស្រី ស្នាក់នៅភូមិ-សង្កាត់ជាមួយគ្នា ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ យុវតីសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកម៉ូតូស៊េរីសង់ប៊ិក ពាក់ផ្លាកលេខ ១BG- 4896 (មិនចាំអក្សរនៅខាងមុខ) ពណ៌ខ្មៅ របស់នារីរងគ្រោះ នៅបន្ទប់ជួលនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ហើយបានជិះរត់គេចខ្លួនដោយសុវត្ថិភាព លុះដល់ថ្ងៃកើតហេតុ ទើបនារីរងគ្រោះជាម្ចាស់ម៉ូតូប្រទះឃើញយុវនារីសង្ស័យ កំពុងជិះម៉ូតូរបស់ខ្លួន ក៏នាំគ្នាឃាត់ និងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី២ នាំទៅសួរនាំតែម្តង។

នារីសង្ស័យ ត្រូវសមត្ថកិច្ចអធិការដ្ឋាននៅបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕