បរទេស ៖ ផ្កាយរណប «ស្ពូតនិក (Sputnik)» របស់សហភាពសូវៀត (រុស្ស៉ី) ជាផ្កាយរណបដែលបាញ់បង្ហោះដំបូងគេនៅពិភពលោក ដោយបង្ហោះចេញពីមូលដ្ឋានមួយកន្លែង ក្នុងសាធារណរដ្ឋកាហ្សាក់ស្ថាន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧។

ផ្កាយ Sputnik ដំបូងគេនេះ មានអង្កត់ផ្ចិតប្រវែងជិត៥៦សង់ទីម៉ែត្រ និងទម្ងន់ជាង៨០គីឡូក្រាម។ វាមានសមត្ថកិច្ចធ្វើដំណើរក្រឡឹងផែនដីបានមួយជុំ ជារៀងរាល់រយៈពេល ១ម៉ោងនិង៣៦នាទី ជាមួយល្បឿនធ្វើដំណើរជិត៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង។ Sputnik មានគន្លងធ្វើដំណើររាងពងក្រពើ ដោយចំណុចជិតផែនដីបំផុតគឺចម្ងាយ២៣០គីឡូម៉ែត្រ និងឆ្ងាយបំផុតចម្ងាយជិត១ពាន់គីឡូម៉ែត្រ ។ វាបានធ្លាក់ចូលមកក្នុងបរិយាកាសផែនដីវិញ ហើយឆេះរលាយបាត់នៅក្នុងស្រទាប់បរិយាកាស កាលពីនៅខែមករា ឆ្នាំ១៩៥៨ ។

សូមបញ្ជាក់ថា កម្មវិធីអវកាសរបស់សូវៀតបានទទួលជោគជ័យជាច្រើន មុនសហរដ្ឋអាមេរិក នៅចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ១៩៦០ ដូចជាការបញ្ជូនមនុស្សឡើងទីអវកាស ការចេញបណ្តែតខ្លួនក្នុងទីអវកាស (Space Walk) ការគោចរនៅជុំវិញព្រះច័ន្ទ និងការបញ្ជូនយានឲ្យចុះចតនៅលើផ្ទៃព្រះច័ន្ទដោយសុវត្ថិភាព (ប៉ុន្តែមិនមានមនុស្សទៅជាមួយទេ)។ លុះចុងទសវត្សរ៍ឆ្នាំ១៩៦០ ទើបសហរដ្ឋអាមេរិក បាននាំមុខសហភាពសូវៀតវិញ តាមរយៈកម្មវិធីអូប៉ូឡូ (Apollo) ដែលបានបញ្ជូនអវកាសយានិកពីររូបនៃបេសកកម្ម Apollo 11 ឲ្យទៅកាន់ផ្ទៃព្រះច័ន្ទនៅខែកក្កដា ឆ្នាំ១៩៦៩ ហើយត្រឡប់មកវិញដោយសុវត្ថិភាព៕