ខេត្តពោធិ៍សាត់ ៖ ស្រ្តីវ័យចំណាស់អាយុ៨៤ឆ្នាំម្នាក់ ត្រូវកម្លោះរូបសង្ហាជាចៅបង្កើតប្រើអំពើហិង្សាវាយទាត់ធាក់គ្មានអាសូរ បណ្តាលឲ្យជីដូនជរារងរបួសធ្ងន់ រហូតសន្លប់ស្តូកដេកដួលនឹងដី។

ករណីអំពើហិង្សានេះ បានកើតឡើងនៅម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចខ្នងប្រឡាយស្នាយទោល ស្ថិតនៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ។

សមត្ថកិច្ច បានឱ្យដឹងថា ជនដៃដល់ មានឈ្មោះ មោះ សឿន ចាន់រិទ្ធិ ហៅង៉ាំ អាយុ២៤ឆ្នាំ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ចំណែក ស្រ្តីរងគ្រោះជាជីដូនចាស់មានឈ្មោះ ពេជ្រ ហាន អាយុ៨៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។ បន្ទាប់ពីវាយស្រ្តីជាជីដូនរួច ចៅជើងល្អរូបនេះ បានយកខ្សែ.កលោហធាតុពណ៌លឿង១ខ្សែ ទម្ងន់៣ជី, លុយខ្មែរចំនួន៨០០០០០រៀល និ ទូរស័ព្ទដៃ Nokia ស៊េរីចាស់១គ្រឿង។

ប្រភពបន្តថា ក្រោយកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ចុះទៅចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់ស្នាមព្រះ ស្ថិតនៅភូមិ ឃុំស្នាមព្រះ ស្រុកបាកាន ធ្វើការស្រាវជ្រាវ ឈានដល់ចាប់ខ្លួនជនដៃដល់បាន នៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕