ខេត្តពោធិ៍សាត់៖ ជនដៃដល់ម្នាក់ ដែលជាឃាតករសម្លាប់ម្តាយនិងកូន ជាថៅកែអេតចាយយ៉ាងសាហាវ កាលពី៨ឆ្នាំមុន ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួនបានហើយ នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៧ និង៣៨នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចរបស់លោកចាប់ខ្លួនបាន មានឈ្មោះច្រាញ អឿម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយបានមកសម្ងំលាក់ខ្លួន នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយប្តូរអត្តសញ្ញាណ ហើយត្រូវបានសមត្ថកិច្ច នគរបាលស្រុកវាលវែងស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនបាន។

ប្រភពបន្តថា ជននេះ សមត្ថកិច្ចចាប់ខ្លួនបានតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ២៥៦ ដបកខ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទឃាតកម្ម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ តាមមាត្រាលេខ១៩៩ នៃច្បាប់ព្រហ្មទណ្ឌ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពរួច បានរត់មកសម្ងំលាក់ខ្លួន នៅក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំប្រគល់ឲ្យសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីយកទៅចាត់ការតាមនីតិវិធី៕