ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីយោធាជិត២០នាក់តំណាងឱ្យជាង១០០នាក់ បាននាំគ្នាតវ៉ាសុំឱ្យភរិយាលោកផ្កាយ២ ដែលធ្វើជាមេតុងទីន វេចលុយជិត៣០ម៉ឺនដុល្លាររត់បាត់ ត្រូវតែចេញមុខដោះស្រាយ។ ការតវ៉ានេះបានធ្វើឡើងនៅមុខផ្ទះលោកផ្កាយ២ជាប្ដីស្រីមេតុងទីននោះ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ។

ភរិយាលោកផ្កាយ២ ជាមេតុងទីនដែលប្រមូលលុយជិត៣០ម៉ឺនដុល្លាររត់បាត់នោះ ឈ្មោះសុក ឃឿន ហៅចែពៅ អាយុ៣៦ឆ្នាំ។

ឈ្មោះ ប៉ែន ចន្ទី ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្ត្រីយោធា បានប្រាប់ថា សមាជិកតុងទីនដែលមកតវ៉ានេះ មានគ្នាជិត២០នាក់ តំណាងឱ្យសមាជិកផ្សេងទៀតជាង១០០នាក់ ភាគច្រើនជាគ្រួសារមន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការនៅស្រុកព្រះនេត្រព្រះ ដែលចាញ់បោកអ្នកស្រី សុក ឃឿន ហៅចែពៅ បានប្រមូលលុយតុងទីនបានជិត៣០ម៉ីនដុល្លារ រត់បាត់ជាង២ខែមកហើយទើបដឹងថារត់ចេញពីផ្ទះបិទទ្វារចោល ក៏នាំគ្នាធ្វើការតវ៉ាសុំឱ្យមេតុងទីនរូបនេះ ចូលខ្លួនមកដោះស្រាយគ្នា។

តំណាងសមាជិកតុងទីនបានបញ្ជាក់ថា មូលហេតុដែលពួកគាត់ហ៊ានលេងតុងទីនជាមួយអ្នកស្រី សុក ឃឿន ហៅចែពៅនេះ ព្រោះគិតថាប្តីរបស់គាត់មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោមួយរូបដែរ ទើបជឿជាក់និងទុកចិត្ត តែមិននឹកស្មានថាប្រមូលលុយតុងទីនបានជិត៣០ម៉ីនដុល្លារ បែររត់ចោលផ្ទះបែបនេះសោះ ។

ពេលនោះ ក្រុមអ្នកតវ៉ាបានជួបលោកឧត្តមសេនីយ៍ទោជាប្តីផងដែរ តែលោកឧត្តមសេនីយ៍ទោជាប្តីបានឆ្លើយថា លោកមិនបានដឹងទេ សំខាន់ត្រូវរកប្រពន្ធលោកឱ្យឃើញហើយដោះស្រាយគ្នាទៅ ៕