ខេត្តកណ្ដាល៖ ក្មេងប្រុសម្នាក់ ខណៈដែលឪពុកម្តាយនាំទៅលេង នៅសួនកម្សាន្តហែលទឹកស៊ីដនី២ នៅចំណុចភូមិកោះខ្នុរ ឃុំ ព្រែករការ ស្រុកកណ្តាលស្ទឹង ជាអកុសល ស្រាប់តែលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ក្មេងប្រុសរងគ្រោះមានឈ្មោះ ស៊ីថា ពិសិដ្ឋ អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរ:សេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្ដាយក្មេងរងគ្រោះ រួមទាំងក្រុមគ្រួសារមានគ្នា១៤នាក់ បានដាក់បិណ្ឌ នៅវត្តអង្គព្រោជ ស្ថិតនៅភូមិអង្គខ្លើរ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ។ ពេលមកដល់វត្តពូរបស់ជនរងគ្រោះបានឌុបក្មេងរងគ្រោះទៅដល់វត្តដែរ បន្ទាប់ពីរាប់បាត្ររួច ឪពុកក្មេងរងគ្រោះបាននាំក្រុមគ្រួសារមកហូបបាយនៅផ្ទះបងស្រី ស្ថិតនៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ។ ពេលហូបបាយរួចឪពុកម្តាយក្មេងរងគ្រោះ និងក្រុមគ្រួសារ បាននាំគ្នា ទៅលេងកម្សាន្តក្នុងសួនទឹកកើតហេតុខាងលើ។

លោកអធិការរងរូបនេះបន្តថា ពេលទៅដល់ គ្រួសារជនរងគ្រោះបាននាំគ្នាហែលទឹកលេង ចំណែកឪពុកក្មេងរងគ្រោះពុំបានមើលក្មេងរងគ្រោះទេ គឺនៅជាប់រវល់មើលកូនតូចម្នាក់ទៀត ចំណែកម្តាយក្មេងរងគ្រោះបានប្រើក្មេងរងគ្រោះឲ្យទៅផ្លាស់ខោអាវងូតទឹកលេង។ លុះមួយស្ទុះក្រោយមក ស្រាប់តែមានអ្នកស្រែកប្រាប់ថា ក្មេងរងគ្រោះលង់ទឹកហើយ ទើបឪពុកម្តាយក្មេងរងគ្រោះនិងបងប្អូននាំគ្នាជួយសង្គ្រោះ និងបញ្ជូនកុមាររងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ តែអកុសល ពេលទៅដល់មន្ទីរពេទ្យ ក្មេងរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកសពកូនប្រុសត្រឡប់ទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យកន្លែងកើតហេតុ និងសពក្មេងរងគ្រោះ។ បន្ទាប់មក ធ្វើកំណត់ហេតុ ប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី ទាំងក្តីសោកសង្វេគជាពន់ពេក៕