ខេត្តបាត់ដំបង ៖បុរសម្នាក់នេះ ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ធ្វើការចាប់ខ្លួន កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩និង១៥នាទី តាមអំណាចដីការបស់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សមត្ថកិច្ច ជនជាប់ចោទដែលសមត្ថកិច្ចធ្វើការចាប់ខ្លួននៅពេលនេះ មានឈ្មោះ រឿង និមល ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសំលាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ទីលំនៅមុនពេលកើតហេតុភូមិអូរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង) ដោយបានចោទប្រកាន់ពីបទ(ប្លន់)យកពូថៅកាប់យកម៉ូតូ នៅចំណុចភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០០៨ ។

ជនជាប់ចោទ ឈ្មោះ រឿង និមល បានឆ្លើយសារភាពថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០៨ រូបខ្លួននិងឈ្មោះ សល់ បានផឹកស្រាស្រវឹង ហើយបានធ្វើសកម្មភាពសុំម៉ូតូបងប្រុសម្នាក់មិនចាំឈ្មោះជិះពីចម្ការទៅភូមិកណ្ដាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ លុះទៅដល់កន្លែងស្ងាត់ឈ្មោះសល់ បានយកពូថៅកាប់លើម្ចាស់ម៉ូតូមួយពូថៅហើយចាប់យកម៉ូតូ honda dream សេរីឆ្នាំ ២០០៧ ពណ៌ខ្មៅ ជិះគេចខ្លួនតែត្រូវប៉ូលិសបាត់ដំបងចាប់បាន ចំណែករូបខ្លួន ក៏បានរត់គេចមកលាក់ខ្លួននៅស្រុកវាលវែង ជារៀងរហូត លុះពេលសមត្ថកិច្ចធ្វើការស្រាវជ្រាវដឹង ក៏ចុះមកចាប់ខ្លួនរូបគេនៅពេលនេះតែម្តង៕