រាជធានីភ្នំពេញ÷ រដ្ឋបាលស្រុកបន្ទាយស្រីបានប្រមូលផលស្រូវរបស់គម្រោង «ស្រែសង្គម»ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី តាមការប៉ាន់ស្មាន គម្រោងជុំទីមួយលើផ្ទៃដី៤០ហិកតា នឹងប្រមូលទិន្នផលជាស្រូវបានជាង១០០តោន សម្រាប់ជួយពលរដ្ឋទីទ័លក្រក្នុងស្រុកបន្ទាយស្រី។

អភិបាលស្រុក បន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបញ្ជាក់តាមរយ:ហ្វេសប៊ុក កាលពិពេលថ្មីៗនេះថា “គម្រោង«ស្រែសង្គម»ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី តាមការប៉ាន់ស្មាន គម្រោងជុំទីមួយលើផ្ទៃដី៤០ហិកតានេះនឹងប្រមូលទិន្នផលជាស្រូវបានជាង១០០តោន ដើម្បីយកទៅឧបត្ថម្ភជួយរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសបងប្អូនដែលទទួលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចនិងជីវភាពពីជម្ងឺកូវីដ១៩”។

លោក អភិបាលស្រុកបន្តថា ឆ្លៀតឱកាសដ៏កម្រនេះ ក៏បាននាំកូនៗតូចៗ ក្រុមគ្រួសារ និងមិត្តភ័ក្តិឱ្យបានស្គាល់ពីជីវភាពរស់នៅបែបជនបទផង និងបានចូលរួមការងារសង្គមផង។ សកម្មភាពច្រូតស្រូវនេះក៏មានការចូលរួមពីសំណាក់លោកពូប្រធានក្រុមប្រឹក្សាស្រុក លោកតំណាងមន្ទីរកសិកម្មខេត្ត លោកមេឃុំ មេភូមិ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ។

លោក ឃឹម ហ្វីណង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលបានជួយជាពូជស្រូវ ឱ្យខ្ចីម៉ាសុីនគ្រឿងចក្រ ទាំងភ្ជួរ ទាំងអូស ទាំងច្រូត ផ្តល់ជាជី និងកំលាំងពលកម្មស្ម័គ្រចិត្ត ព្រមទាំងការគាំទ្របច្ចេកទេសគ្រប់រូបភាព ដែលបានជួយរ៉ាប់រងរាល់ការចំណាយទាំងអស់ និងធ្វើឱ្យគម្រោងជុំទីមួយនេះបានបញ្ចប់ទៅទាំងស្រុងប្រកបដោយជោគជ័យ។

លោក អភិបាលស្រុក វ័យក្មេងបន្ថែមទៀតថា រដ្ឋបាលស្រុកគ្រោងនឹងបន្តសម្របសម្រួលគម្រោងនេះសម្រាប់ជុំទីពីរបន្តទៀត ប្រសិនបើនៅតែទទួលបានការគាំទ្រ និងមានការចូលរួមឧបត្ថម្ភលើគម្រោងស្រែសង្គមនេះ ពីសំណាក់សប្បុរសជនបន្តទៀត៕