ខេត្តបន្ទាយមានជ័យ ៖ នារីជាប្រពន្ធលោកផ្កាយ២នាក់ បានធ្វើមេតុងទីន ហើយក្រោយពីប្រមូលលុយបានជិត៣០ម៉ឺនដុល្លារ ស្រាប់តែវេចបង្វេចរត់គេចខ្លួនបាត់ស្រមោល ធ្វើឲ្យកូនតុងទីនផ្អើលឆោឡោលើកគ្នាមករកមេតុងទីនដល់ផ្ទះ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។

នារីជាមេតុងទីន ដែលវេចលុយ ឈ្មោះសុក ឃឿន ហៅពៅ អាយុ៣៦ឆ្នាំ មានប្តីជាមន្ត្រីផ្កាយ២ ។ នារីរូបនេះ ធ្វើជាមេតុងទីន បានវេចលុយរត់បាត់ជាង២ខែមកហើយ ទើបកូនតុងទីនដឹង។

លោកប៉ែន ចន្ទី អាយុ៥៥ឆ្នាំ ជាមន្ត្រីយោធា បានប្រាប់ថា សមាជិកតុងទីនដែលមកតវ៉ាជិត២០នាក់នេះ គឺតំណាងឲ្យសមាជិកផ្សេងទៀត ដែលសរុបជាង១០០នាក់ បានចាញ់បោកមេតុងទីនដែលវេចលុយរត់បាត់នេះ ។ ពួកគាត់ហ៊ានលេងតុងទីនជាមួយអ្នកស្រី សុក ឃឿន ហៅចែពៅ នេះ ព្រោះគិតថាប្តីរបស់គាត់មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោមួយរូបមានតួនាទីអាចជឿជាក់ និងទុកចិត្ត តែផ្ទុយទៅវិញត្រូវបានបោកប្រាស់រត់ចោលស្រុកបែបនេះទៅវិញ ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ ជាប្តីរបស់នារីខាងលើ បានប្រាប់ថា លោកមិនបានពាក់ព័ន្ធទេ រឿងដែលសំខាន់នៅពេលនេះ ត្រូវរកប្រពន្ធគាត់ឲ្យឃើញ ហើយធ្វើការដោះស្រាយគ្នាទៅ៕