ក្រុមហ៊ុន Ford Motor Co មានផែនការកាត់ការងារការិយាល័យចំនួន ១.០០០ការងារ នៅក្នុងសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ ដែលជាជំហានមួយទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញដែលមានទឹកប្រាក់ចំនួន ១១ ពាន់លានដុល្លារ។

ការកាត់បន្ថយនេះមិនមែនជាប្រតិកម្មតបទៅនឹងជំងឺរាតត្បាតកូវីត-១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មរយៈពេល ៨ សប្តាហ៍នៅនិទាឃរដូវ។ ផ្ទុយទៅវិញវាគឺជាជំហានចុងក្រោយនៅក្នុងការរៀបចំឡើងវិញដែលមានគោលបំណងដើម្បីបង្វែរការអនុវត្តហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Ford និងសម្រេចបាននូវអ្វីដែលនាយកប្រតិបត្តិលោក Jim Hackett ចាត់ទុកថាវាសមល្មមទៅនឹងហិរញ្ញវត្ថុ។ នេះនឹងបន្ថែមទៅលើការកាត់បន្ថយការងារចំនួន២៣០០ការងារដែលបានប្រកាសកាលពីលើកមុន នៅសហរដ្ឋអាមេរិក ។

នៅឆ្នាំ ២០១៩ ក្រុមហ៊ុន Ford បានបិទរោងចក្រនិងកាត់ការងាររាប់ពាន់នាក់នៅអឺរ៉ុប ជាកន្លែងដែលក្រុមហ៊ុនបានខាតបង់ប្រាក់ ហើយបានព្យាយាមពង្រីកទំហំប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Ford បានកាត់បន្ថយមុខតំណែងការងារចំនួន ៧,០០០ កន្លែងនៅទូទាំងពិភពលោកកាលពីឆ្នាំមុន នៅក្នុងជុំទីមួយនៃការផ្លាស់ប្តូពិភពលោក។

ការកាត់បន្ថយទាំងនោះត្រូវបានគេរំពឹងថានឹងជួយសន្សំប្រាក់ដល់ក្រុមហ៊ុនបានចំនួន ៦០០ លានដុល្លារក្នុងមួយឆ្នាំ។ ក្រុមហ៊ុនផលិតរថយន្តនេះមានកម្លាំងពលកម្មទូទាំងពិភពលោកចំនួន ១៩០,០០០ នាក់នៅចុងឆ្នាំ ២០១៩ ។