បរទេស៖ ប្រទេសវៀតណាម បានស្នើឱ្យប្រទេសចិន លុបចោលសមយុទ្ធកងទ័ពជើងទឹករបស់ខ្លួននៅជិតកោះ Hoang Sa (Paracel) របស់ប្រទេសវៀតណាម ដោយអះអាងថា វានឹងធ្វើឱ្យស្មុគស្មាញដល់ស្ថានភាពសមុទ្រខាងកើត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ។

ការពិតប្រទេសចិន បានធ្វើសមយុទ្ធម្តងហើយ ម្តងទៀតនៅក្នុងតំបន់កោះ Hoang Sa រំលោភអធិបតេយ្យភាពរបស់វៀតណាម លើប្រជុំកោះប្រឆាំង នឹងស្មារតីនៃសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង ដែលវាមិនអំណោយផលសម្រាប់ការចរចាទាក់ទង។ ក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (COC) បានខិតខំប្រឹងប្រែងក៏ដូចជាការថែរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការឆ្លងកាត់ដែនទឹក​​ ប៉ុន្តែប្រទេសចិនបែរជាព្យាយាមរំលោភអធិបតេយ្យភាព របស់ប្រទេសជាសមាជិកទៅវិញ។ នេះបើយោងតាមការបកស្រាយរបស់លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេស។

លោកស្រី Le Thi Thu Hang បាននឹងកំពុងឆ្លើយតបការសាកសួរទាក់ទងនឹងប្រតិកម្មរបស់វៀតណាម ចំពោះប្រទេសចិនដែលកំពុងធ្វើសមយុទ្ធកងនាវាចរនៅតំបន់សមុទ្រខាងជើងភាគឥ្ឍសាន ក្បែរកោះ Hoang Sa ដោយប្រទេសវៀតណាម កំពុងស្នើសុំឲ្យចិនគោរពអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះHoang Sa ដែលចិនត្រូវលុបចោលសមយុទ្ធ និងមិនត្រូវរំលោភអធិបតេយ្យភាពរបស់វៀតណាម ម្តងទៀតឡើយ។

គួរបញ្ជាក់ថា រដ្ឋបាលសុវត្ថិភាពដែនសមុទ្រហៃណាន បានប្រកាសនៅថ្ងៃទី២៣ ខែសីហា ថាកងទ័ពចិន នឹងធ្វើសមយុទ្ធនៅកោះហៃណាន ភាគអាគ្នេយ៍ នៃកោះ Hoang Sa របស់វៀតណាមចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៩ ខែសីហា ៕