ខេត្តបាត់ដំបង៖ យុវជន​ម្នាក់​ដែល​ជា​ពលរដ្ឋ​ខ្មែរ បាន​រង​របួស​លើ​ដៃ​ស្តាំ​ម្ខាង​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក ​ខេត្ត​បាត់ដំបង ទាំង​យប់​ផង​ដែរ ខណៈ​ដែល​យុវជន​រូប​នេះ រួម​ទាំង​បក្ខពួក​ប្រមាណ​២៩​នាក់ បាន​លប​ឆ្លងដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដើម្បី​រក​កាប់​ឈើ​លក់​ឲ្យ​មេ​ឈ្មួញ​ស្រី ដែល​ឈរជើង​ចាំ​ទទួល​ទិញ​ប្រចាំ​តំបន់​នេះ។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ករណី​ថៃ​ប្រើ​អាវុធ​បាញ់​មក​លើ​ពលរដ្ឋ​ខ្មែរ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ និង​៣០​នាទី កាល​ពី​យប់​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០២០ ត្រង់​ចំណុច​អូរ​ដើម​ខ្នុរ ( លើទឹក​ដី​ថៃ ) ទល់មុខ​នឹង​ច្រក​ពាម​តា ត្រង់​ចំណុច ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង។

តាម​ប្រភព​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​២៩​នាក់ ដែល​ជា​កូនចៅ​រក​ស៊ី​កាប់​ឈើ​លក់​ទៅ​ឲ្យ​មេ​ឈ្មួញ​ដ៏​ធំ​ប្រចាំ​តំបន់​នេះ ដោយ​ពួកគេ​បាន​នាំ​គ្នា​លប​ឆ្លងដែន​ ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដើម្បី​រក​កាប់​ឈើ​ដូច​សព្វមួយដង។ ប្រភព​បាន​បន្ត​ថា នៅ​ពេល​នោះ​ដែរ ក៏​ស្រាប់តែ​កម្លាំងយោធា​ថៃ​ប្រចាំ​ខ្សែបន្ទាត់​ព្រំដែន បាន​ធ្វើការ​បាញ់រះ​ជាច្រើន​គ្រាប់​មក​លើ​ពួកគេ បណ្តាល​ឲ្យ​ចំ​ដៃ​ស្តាំ​ម្នាក់​ឈ្មោះ ចាន់ ឧត្តម ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត គឺ​មុខរបួស​មាន​សភាព​រយះ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​នៅ​ពេល​នោះ​ដែរ ពួកគេ​បាន​នាំ​គ្នា​រត់គេច​រៀងៗ​ខ្លួន ត្រឡប់​មកកាន់​ទឹកដី​ខ្មែរ​វិញ ដោយឡែក​ជនរងគ្រោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក ​ខេត្ត​បាត់ដំបង​ផង​ដែរ៕