ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាទៅ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន ឱ្យចុះទៅជួបប្រជាពលរដ្ឋមួយចំនួន ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ។

បទបញ្ជាខាងលើនេះ សម្តេចបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបូកសរុបការងារឆមាសទី៤ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហោះសារនៅលើ Facebook របស់លោកថា៖ «សម្តេចតេជោ បានបញ្ជាឲ្យឯកឧត្តម វ៉ា គឹមហុង ចុះទៅជួបពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយបោះបង្គោលព្រំដែន តបតាមសំណួររបស់ខ្ញុំ ដែលបានសួរទៅកាន់នាយករដ្ឋមន្រ្តី »៕