ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុ និង ក្រុមអូប៊រ័ល្បឿនលឿន GTVC របស់លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកឃើញហើយ សាកសពបុរសអ្នកនេសាទម្នាក់ដែលបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅហើយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកសហការណ៍ជាមួយក្រុមហ៊ុនGTVC ដោយប្រើប្រាស់មធ្យោបាយអូរប៊រ របស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿង បានធ្វើការស្វែងរកសាកសពឈ្មោះឈឹម ឆេង ភេទប្រុស អាយុ៣១ឆ្នាំបន្ត ដែលបានលោតទឹកសម្លាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ រហូតដល់វេលាម៉ោង១០. ៣០ នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបានប្រទះឃើញសាកសពអណ្តែតទឹកមួយនៅចំណុចដាវលេខ ១០៣.៣៧.៦៦៧,E(ចម្ងាយប្រហែល ៣ ម៉ាយពីកោះត្រល់និង ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីកន្លែងបាត់ខ្លួន) ក្នុងខេត្តព្រះសីហនុ ។ សាកសពមានសភាពហើមរលួយ។

ក្រុមការងារបានអោយសាច់ញាតិនៃសព ពិនិត្យមើលរួចបានទទួលស្គាល់ថាពិតជាសពបងប្រុសរបស់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នក្រុមការបានរៀបចំនាំយកសាកសពដឹកមកលើគោកវិញដើម្បីពិនិត្យតាមបច្ចេកទេសនិងប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យ ៕