ខេត្តកោះកុង ៖ រថយន្តស៊េរទំនើប១គ្រឿងបើកបរបោះពួយក្នុងល្បឿនដូចព្យុះ ហើយមិនដឹងជាជួបឧបសគ្គអ្វី ស្រាប់តែក្រឡាប់ដោយខ្លួនឯងជាច្រើនត្រឡប់ បណ្តាលឲ្យមនុស្សជិះក្នុងរថយន្តចំនួន៣នាក់ ស្លាប់នឹងកន្លែងយ៉ាងអាណោចអាធ័ម និង២នាក់ទៀត រងរបួសធ្ងន់ស្រាល។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៥នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លើវិថីសាយភូថង ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

រថយន្តដែលជួបគ្រោះថ្នាក់ក្រឡាប់ ដោយខ្លួនឯងនេះ ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2A-9754 ខូចខាតធ្ងន់។ ហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្សស្រីចំនួន៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២នាក់ ( ក្មេងស្រីម្នាក់)។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពជនរងគ្រោះ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារមកទទួលដឹកទៅលំនៅឋានចាត់ចែងរៀបចំធ្វើបុណ្យ តាមប្រពៃណី។
សមត្ថកិច្ច បញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើងដោយសារតែការបើកបរប្រើប្រាស់ល្បឿនលឿនពេក៕