បរទេស៖ ស្រ្ដីវ័យ៣៥ឆ្នាំម្នាក់ ឈ្មោះអៀម មានទីលំនៅរស់នៅសូណុំ ខេត្តសុរិន្ទ បានសម្រេចចិត្តធ្វើការដាក់ពាក្យបណ្ដឹងទៅប៉ូលីសស្រុក ដើម្បីឲ្យជួយរកយុត្តិធម៌ ក្រោយពីត្រូវបានមេភូមិវាយធ្វើបាបយ៉ាងព្រៃផ្សៃលើរាងកាយទាំងមូលរបស់គាត់ បណ្ដាលឲ្យមានស្នាមជាំពេញខ្លួន ព្រមទាំងគម្រាមសម្លាប់នាងទៀតផង ប្រសិនបើនាងហ៊ានយករឿងនេះទៅប្រាប់នរណាម្នាក់។

ស្រ្ដីដែលជាជនរងគ្រោះរូបនោះបានបង្ហើបពីរឿងរ៉ាវដែលបានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នាពេលកន្លងមកឲ្យដឹងថា ខ្លួននាងត្រូវបានលោកមេភូមិ ដែលត្រូវជាសាច់ញាតិបបួលទៅកម្មវិធីជប់លៀងរបស់អ្នកជិតខាង ក្រោយពេលទៅដល់កន្លែងកម្មវិធីនោះលោកមេភូមិបានចាប់នាងបញ្ច្រូកស្រារហូតដល់នាងស្រវឹងបាត់បង់ស្មារតី រួចនាំរូបនាងទៅផឹកនៅផ្ទះបន្តទៀតរហូតដល់នាងលែងដឹងខ្លួនតែម្ដង។

លុះក្រោយមកពេលនាងភ្ញាក់ឡើងមើលទៅខ្លួនប្រាណនាងស្រាតននោលគោក ហើយលើខ្លួននាងសុទ្ធតែស្នាមជាំ ដែលត្រូវមេភូមិនោះខាំ បឺតជញ្ជាក់ លុះក្រឡេកទៅម្ខាងទៀតក៏ស្រាប់តែឃើញមេភូមិនោះដេកស្រាតអស់សំលៀកបំពាក់ពីខ្លួនដែរ ខណៈពេលនោះនាងការភ្ញាក់ផ្អើលភ័យខ្លាចយ៉ាងខ្លាំង រួចនាងក៏សុំមេភូមិនោះត្រឡប់មកផ្ទះនាងវិញ ប៉ុន្តែពីដំបូងមេភូមិនោះមិនព្រមឲ្យនាងត្រឡប់មកផ្ទះវិញទេ ដល់តែយូរៗទៅក៏ទន់ចិត្តឲ្យនាងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែឆ្លៀតផ្ដែផ្ដាំគម្រាមនាងមិនឲ្យយករឿងនេះប្រាប់ទៅនរណាជាដាច់ខាត បើពុំដូចច្នេះទេនាងប្រាកដជាស្លាប់ជាក់ជាមិនខាន។

ជាមួយគ្នានេះដែលលោកវរសេនីយ៍ទោ Pichet Chuamngam អធិការផ្នែកស៊ើបអង្កេត នៃខេត្ដសុរិន្ទ ជាម្ចាស់នៃករណីនេះបានបង្ហាញថាប៉ូលីសមិននៅស្ងៀមទេ។ ដោយពេលនេះកំពុងប្រញាប់ប្រមូលភស្តុតាង ហើយនឹងអញ្ជើញជនរងគ្រោះ និងជនជាប់ចោទមកធ្វើការស៊ើបអង្កេតបន្ថែមទៀត ប្រសិនបើរកឃើញថា មានពិរុទ្ធដូចជនរងគ្រោះបាននិយាយមែន នឹងបន្តផ្តន្ទាទោសតាមច្បាប់ ហើយនឹងបន្តផ្តល់ភាពយុត្តិធម៌ដល់ភាគីទាំងពីរស្របតាមនីតិវិធីច្បាប់ ៕

ប្រភព៖ Khaosod