អតីត​សមាជិក នៃ​កង​ទាហាន​ពិសេស​របស់​កងទ័ព​សហរដ្ឋអាមេរិក​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ភ្នាក់ងារ​សហព័ន្ធ​ដោយ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​បន្ទាប់​ពី​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​ឃុបឃិត​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុ​ស្ស៊ី​ដើម្បី​ផ្តល់​ព័ត៌មាន​ការពារ​ជាតិ​របស់​សហរដ្ឋអាមេរិក​ទៅ​ឱ្យ​រុ​ស្ស៊ី ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ ។

លោក Peter Rafael Dzibinski Debbins អាយុ​៤៥​ឆ្នាំ ជា​អ្នកស្រុក Gainesville រដ្ឋ Virginia និង​ជា​អតីត​កងទ័ព​ពិសេស​របស់​អា​មេ​រិ​ក «Green Beret» ត្រូវ​បាន​ចោទប្រកាន់​ពី​បទ សមគំនិត​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ការពារ​ជាតិ​អា​មេ​រិ​ក​ដល់​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​បរទេស នេះ​បើ​យោង​តាម​នាយកដ្ឋាន​យុត្តិធម៌ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ ទី​២១ ខែសីហា ឆ្នាំ​២០២០ ។

ព្រះរាជអាជ្ញា​សហព័ន្ធ​បាន​អះអាង​ថា Debbins បាន​ជួប​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុ​ស្ស៊ី ខណៈ​ដែល​រូបគេ​បាន​ធ្វើ​ទស្សនកិច្ច​ជា​ច្រើន​លើក​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី ។ អតីត​ទាហាន​ពិសេស​រូប​នេះ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ជា​ភ្នាក់ងារ​ចារកម្ម​ដោយ​លួច​ផ្តល់​ព័ត៌មាន​ដល់​ប្រទេស​រុ​ស្ស៊ី ។

ព្រះរាជអាជ្ញា​សហព័ន្ធ​អះអាង​ថា ក្នុង​រយៈពេល​នៃ​ការ​បម្រើកងទ័ព​របស់​លោក Debbins អតីត​ទាហាន​ពិសេស​របស់​អា​មេ​រិ​ក​រូប​នេះ​បាន​បែងចែក​ព័ត៌មាន​ដែល​គាត់​បាន​ទទួល ក៏​ដូច​ជា​ព័ត៌មាន​លម្អិត​អំពី​អង្គភាព​គីមី​ដើម្បី​ផលិត​អាវុធ និង​ព័ត៌មាន​អំពី​អង្គភាព​ពិសេស​របស់​គាត់ ។

លោក James A. Dawson នាយក​ស្តីទី​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI ប្រចាំ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ថ្លែង​ថា ៖«​យោង​តាម​ការ​ចោទប្រកាន់​នេះ លោក Debbins បាន​ផ្តល់​ព័ត៌មាន​ដល់​សមាជិក នៃ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ខ្លួន​ឈ្មោះ GRU ។ សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ ។ ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទាទោស​លោក Debbins នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​១​ជីវិត​» ។

ការ​ចាប់ខ្លួន​អតីត​ទាហាន​ពិសេស​រូប​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ប្រកាស​របស់​ព្រះរាជអាជ្ញា​អំពី​ការ​ចាប់ខ្លួន​អតីត​ភ្នាក់ងារ​ស៊ើបការណ៍​កណ្តាល​អា​មេ​រិ​ក​លោក Alexander Yuk Ching Ma កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ពី​បទ «​សមគំនិត​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ព័ត៌មាន​ការពារ​ជាតិ​ឱ្យ​ប្រទេស​ដទៃ​» ។

លោក Alexander Yuk Ching Ma ដែល​មាន​អាយុ​៦៧​ឆ្នាំ ដែល​ជា​អ្នក​រស់នៅ​រដ្ឋ​ហា​វ៉ៃ ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ចិន​ថា បាន​ផ្តល់​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ព័ត៌មាន​ស្តី​ពី «​ប្រតិបត្ដិការ និង​វិធីសាស្ត្រ​លាក់បាំង​ពី​ការ​តាមដាន​របស់ CIA» ។

យោង​ទៅ​តាម​ព្រះរាជអាជ្ញា​បានឱ្យ​ដឹង​ថា ក្រោយមក​លោក​បាន​ផ្តល់​ឯកសារ​ចំរុះ​ផ្សេង​ៗ​គ្នា​ឱ្យ​អ្នកតំណាង​ទីក្រុង​ប៉េ​កាំ​ង ខណៈ​ដែល​លោក​កំពុង​បម្រើ​ការ​ក្នុង​ការិយាល័យ​របស់ FBI ។

ជំនួយការ​អគ្គ​ព្រះរាជអាជ្ញា​រង​ផ្នែក​សន្តិសុខ​ជាតិ​លោក ច​ន ស៊ី​ដេ​ស បាន​អះអាង​ថា ៖«​ការ​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​គឺ​លោក Alexander Yuk Ching Ma និង​លោក Peter Rafael Dzibinski Debbins បង្ហាញ​ថា យើង​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ប្រឆាំង​នឹង​ចារកម្ម​ពី​សត្រូវ​ដែល​មានគំនិត​អាក្រក់​បំផុត​ពីរ​គឺ​ប្រទេស​រុ​ស្ស៊ី និង​ចិន​» ៕

ប្រភព ៖ Sputnik , ដោយ ៖ សំណាង