រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ី​រ៉​ង់​លោក Amir Hatami បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា តាម​ទូរទស្សន៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​មិន​អើពើ​នឹង​ការ​ទាមទារ​របស់​សហរដ្ឋអាមេរិក​ឱ្យ​ក្រុង​តេ​អេ​រ៉​ង់​ត្រូវ​បញ្ឈប់​កម្មវិធី​មី​ស៊ី​ល​របស់​ខ្លួន ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០ នេះ ។

លោក Amir Hatami រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ី​រ៉​ង់​បាន​និយាយ​ថា ពេល​នេះ​យើង​មាន​មី​ស៊ី​ល​ផ្លោង​ថ្មី ដែល​មានឈ្មោះ​ថា «Qassem Soleimani» (ជាឈ្មោះរបស់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ដែលត្រូវអាមេរិកប្រើដ្រូនស៊ើបការសម្ងាត់បាញ់សម្លាប់ ) អាច​បាញ់​រយៈ​ចម្ងាយ ១៤០០ គីឡូម៉ែត្រ និង​មី​ស៊ី​ល​បំពាក់​លើ​រថយន្ត​ដែល​មានឈ្មោះ​ថា «martyr Abu Mahdi» (ឈ្មោះរបស់មេបញ្ជាការជាន់ខ្ពស់ដែលដើរតួយ៉ាងសំខាន់ដឹកនាំកម្ទេចក្រុមភារវករ ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់) អាច​បាញ់​គោលដៅ​មាន​រយៈ​ចម្ងាយ​ជាង ១០០០ គីឡូម៉ែត្រ ។

លោក Qassem Soleimani និងលោក Abu Mahdi

គួរ​រម្លឹក​ផង​ដែរ​ថា លោក Qasem Soleimani ជា​មេដឹកនាំ​កម្លាំង​វរ​សេនា​តូច​របស់​អ៊ី​រ៉​ង់ និង​ជា​មេបញ្ជាការ​កងជីវពល​អ៊ី​រ៉ា​ក់​ត្រូវ​បាន​សម្លាប់​កាលពី​ខែមករា​កន្លង​ទៅ​នេះ​ក្នុង​ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ក្បួន​រថយន្ត​របស់​លោក​នៅ​អាកាសយានដ្ឋាន​បា​ដា​ដដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ៊ី​រ៉​ង់​ខឹងសម្បារ​ជា​ខ្លាំង និង​ថែម​ទាំង​ទាមទារ​រក​យុត្តិធម៌​ជូន​មេបញ្ជាការ​ជាន់ខ្ពស់​របស់​ពួក​គេ​ថែម​ទៀត​ផង ហើយ​បច្ចុប្បន្ន​អ៊ី​រ៉​ង់​កំពុង​ព្យាយាម​ផលិត​សព្វាវុធ​ដើម្បី​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន​ទោះបីជា​មានទណ្ឌ​កម្ម​ពី​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​នឹង​ការ​ផលិត​សព្វាវុធ​ក្តី ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង