អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ បានអះអាងថា លោក ដូណាល់ ត្រាំ មិនសម​នឹង​អង្គុយក្នុងការិយាល័យប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ ព្រោះតែមិនបានយក​ចិត្តទុក​ដាក់ចំពោះសុខទុក្ខប្រជាជនអាមេរិក និងលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ហើយថែមទាំង​បាន​អះ​អាង​ថា ការបោះឆ្នោតឱ្យលោក ចូ ប៊ីដិន (Joe Biden) ធ្វើជាប្រធានាធិបតីអាមេរិកគឺចាំបាច់ណាស់​ដើម្បីធានា​លទ្ធិ​ប្រជា​ធិបតេយ្យអាមេរិកទាំងមូល ។ នេះបើ​យោង​តាមប្រភ​ព​ពីទីភ្នាក់​ងារសារ​ព័ត៌​មាន Reuters ដែលបាន​ចេញផ្សា​យនៅ​ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នេះ ។

អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានស្តីបន្ទោសលោក ដូណាល់ ត្រាំ ចំពោះវិធានការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ដែលបណ្តាលឱ្យជនជាតិអាមេរិកជាច្រើននាក់បានស្លាប់ ការងារ​រាប់លានបាន​បាត់បង់​ដោយ​សារការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការកាត់បន្ថយគោលការណ៍ប្រជាធិបតេយ្យរបស់ប្រទេសទាំងនៅក្នុងស្រុក និងក្រៅប្រទេស ។

លោក អូបាម៉ា បានមានប្រសាសន៍ថា ៖«លោក ដូណាល់ ត្រាំ គ្មានភាពរីកចម្រើននៅក្នុងការងារជាប្រធានាធិប​តី​របស់គាត់នោះទេ ពីព្រោះគាត់​មិន​អាចធ្វើបាន ។ ហើយផលវិបាកនៃការបរាជ័យនោះគឺធ្ងន់ធ្ងរណាស់» ។

នៅលើបណ្តាញសង្គម Twitter លោក ដូណាល់ ត្រាំ ក៏បានឆ្លើយតបទៅនឹងការរិះគន់​របស់លោក​ អូបាម៉ា ដែល​ធ្វើការរិះគន់រូបលោក និងការសម្រេចចិត្តរបស់លោក អូបាម៉ា ក្នុងការគាំទ្រលោក ប៊ីដិន ដែលជាគូប្រជែងតំណែង​ប្រធានា​ធិបតី​​សហរដ្ឋ​​អាមេរិក​គឺជា​រឿង​មិន​សមរម្យ ។

ប៉ុន្តែកាលពីថ្ងៃពុធកន្លងទៅលោក អូបាម៉ា បានថ្លែងសុន្ទរកថា គាំទ្រពេញទំហឹងលើលោក ប៊ីដិន និងបេក្ខជន​អនុប្រធា​នា​ធិបតីលោកស្រី Kamala Harris ដោយនិយាយថា ពួកគេពិតជាយកចិត្តទុកដាក់ចំពោះជនជាតិអាមេរិក ហើយពួក​គេក៏យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំងចំពោះលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកផងដែរ ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង