ភ្នំពេញ៖ មជ្ឈមណ្ឌលថែទាំរថយន្តមួយកន្លែងនៅបណ្ដោយផ្លូវទេពផន បានចាប់ផ្ដើមបេីកជាផ្លូវការ នៅថ្ងៃទី១៣ ខែសីហា២០២០ នេះហេីយ ដោយសារកំណើនរថយន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ហេីយមជ្ឈមណ្ឌលបម្រើសេវាកម្មថែទាំរថយន្តដែលមានស្ដង់ដារនៅកម្ពុជាហាក់នៅមានតិចតួចនៅឡើយ ។

លោក ស្រុីន ផលិត តួនាទី អ្នកចាត់ការទូទៅ នៅមជ្ឈមណ្ឌលថែទាំរថយន្ត NTK Service បាននិយាយថា មូលហេតុដែលលោកសម្រេចចិត្តបើកមជ្ឈមណ្ឌលនៅទីតាំងផ្លូវទេពផននេះ ដោយមើលឃើញពីសក្ដានុពលនៃតំបន់ជុំវិញហើយកំណើនរថយន្តនៅក្នុងតំបន់នេះក៏ឃើញថាមានច្រើន ក៏ប៉ុន្តែមិនទាន់មានមជ្ឈមណ្ឌលថែទាំរថយន្តណាមួយដែលមានស្ដង់ដារត្រឹមត្រូវនៅឡើយ ។

លោកបន្តថា ធម្មតាអ្នកប្រើប្រាស់រថយន្ត គឺចង់អោយរថយន្តរបស់ខ្លួននៅថ្មី និងស្អាត មិនមានបញ្ហានៅពេលប្រើប្រាស់ដូច្នេះពួកគេប្រាកដជាចង់បានកន្លែងណាដែលអាចថែទាំរថយន្តរបស់ពួកគេ មើលទៅហាក់នៅថ្មីជាប់ជានិច្ច និងមិនមានបញ្ហាទៅណាមកណា ។ ម្យ៉ាងទៀត មជ្ឈមណ្ឌលថែទាំរថយន្ត និងយានដ្ឋានខ្លះក៏មានភាពមិនស្មោះត្រង់ចំពោះអតិថិជនទៅទៀត ។ លោកបន្ថែមថា ថ្វីត្បិតតែមជ្ឈមណ្ឌលថែទាំរថយន្តរបស់លោកមើលទៅហាក់ទំនើប ក៏ប៉ុន្តែក៏មានទទួលមើលរថយន្តទាំងចាស់និងថ្មី ដើម្បីអោយអ្នកប្រើប្រាស់រថយន្តមានភាពប្រាកដប្រជានៅពេលបើកបររថយន្តរបស់ខ្លួនទៅទីជិតទីឆ្ងាយ ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាបានអោយដឹងថា ក្នុងរយៈពេល១ឆមាសដើមឆ្នាំ ២០២០នេះ កម្ពុជាបាននាំចូលមធ្យោបាយធ្វើដំណើរ ពីបរទេសមានតម្លៃចំនួន ៤១៤,៧២៥ គ្រឿង ដែលមានតម្លៃសរុបជិត ៦៣៥ លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ។

របាយការណ៍ដដែលបង្ហាញថា ការនាំចូលរថយន្តទេសចរណ៍មានតម្លៃ ២៨,០៦៥ លានដុល្លារ ស្មើនឹងចំនួន ២៥,៤៨៣ គ្រឿង រថយន្តដឹកទំនិញ មានតម្លៃ ១៩,៤៤៧ លានដុល្លារ ស្មើនឹង ១៣,៨១២ គ្រឿង រថយន្តដឹកអ្នកដំណើរ មានតម្លៃ ២,០៦៨ លានដុល្លារ ក្នុងបរិមាណ ១,២១២ គ្រឿង និងរថយន្តផ្សេងទៀតមានតម្លៃ ៣,៥៨៤ លានដុល្លារ ស្មើនឹង ១,២៣១ គ្រឿង ៕