កំពង់ធំ៖ ស្នងការនគរបាលខេត្តកំពង់ធំ ត្រូវមន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់ពាក្យដាក់បណ្តឹងចោទថាបានប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត។ នេះបើយោងតាមពាក្យបណ្តឹង របស់ពីមន្ត្រីនគរបាលនារី នៃស្នងការដ្ឋាននគរបាលខេត្ត ជាជនរងគ្រោះ បានប្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយត្រូវបែកធ្លាយ។

នៅក្នុងពាក្យបណ្តឹងពីនគរបាលនារី ចំនួន៤រូប ផ្តិតមេដៃនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា នាងខ្ញុំជាមន្ត្រីនគរបាលនារី នៃស្នងការដ្ឋានខេត្តកំពង់ធំ (ជនរងគ្រោះ) សូមគោរពរាយការណ៍ និងសូមសម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ឱ្យនាងខ្ញុំជាជនរងគ្រោះ ដោយសារការប្រព្រឹត្តអំពើពុំគប្បីមកលើនាងខ្ញុំជាស្ត្រីមានភាពទន់ខ្សោយ ពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការនគបាលខេត្តកំពង់ធំ។

ពាក្យបណ្តឹងនេះ បានបន្តថា នៅអំឡុងថ្ងៃឆ្នាំ២០១៨-២០១៩នេះ ពួកនាងខ្ញុំមួយចំនួន ត្រូវបានលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការ បានហៅពួកនាងខ្ញុំឲ្យទៅជួបគាត់ នៅក្នុងបន្ទប់ធ្វើការរបស់គាត់ ដើម្បីសួរនាំកិច្ចការងារមួយចំនួន ដោយយល់ឃើញថា គាត់ជាថ្នាក់ដឹកនាំ (មេកើយ) ពួកនាងខ្ញុំក៏បានទៅជួបគាត់ម្នាក់ម្តងៗ តាមការណាត់របស់គាត់។ ពេលចូលដល់ក្នុងបន្ទប់តែពីរនាក់ លោកស្នងការ ក៏បានសួរនាំថា «ពាក់ស័ក្តិប៉ុន្មាន? ហើយមុខតំណែងជាអ្វីសព្វថ្ងៃ? ហើយចង់បានមុខតំណែង ឬឡើងស័ក្តិអត់? បើចង់បានចាំបងជួយ ព្រោះបងជាស្នងការ ជាប្រធានអង្គភាព ចង់ធ្វើអ្វីក៏បានដែរ ឱ្យតែអូនព្រមស្រលាញ់បង ម្យ៉ាងទៀតបើអូនព្រមស្រឡាញ់បង កុំបារម្ភខ្លាចមានកូនអី ព្រោះទឹកកាមបងគ្មានមេជីវិតបង្កកំណើតទេ» ពេលឮពាក្យសំដីទាំងអស់នេះ នាងខ្ញុំហួសចិត្តមិននឹកស្មានថា គាត់ហ៊ាននិយាយពាក្យសំដីបែបនេះ មកលើនាងខ្ញុំជាកូនចៅ ជានារីភេទនោះទេ ហើយនគរបាលជានារី ខ្លះមានទាំងប្ដី ទាំងកូនទៀតផង។

ក្នុងពាក្យបណ្តឹងជនរងគ្រោះ បន្តថា ក្រៅពីប្រើពាក្យសម្ដីលួងលោម បុគ្គលនេះ ក៏បានចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ទោះបី ពេលខ្លះពួកនាងខ្ញុំខំរើបម្រះ ឬចង់ស្រែកប្រាប់គេឯងក៏មិនហ៊ាន ព្រោះខ្លាចអំណាចគាត់ជាស្នងការ ម្យ៉ាងទៀត គាត់បានគំរាមមិនឲ្យប្រាប់រឿងដែលគាត់បានប្រព្រឹត្តនោះឲ្យអ្នកណាដឹងទេ បើហ៊ាន គឺមានបញ្ហាហើយ។ ទោះបីដឹងថា បុគ្គលនេះតែងតែប្រព្រឹត្តបែបនេះមកលើរូបកាយ និងផ្លូវភេទពួកនាងខ្ញុំយ៉ាងណា ក៏មិនហ៊ានប្រាប់គេឯងដែរ ម្យ៉ាងខ្លាចប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនាងខ្ញុំជាស្ត្រីភេទទន់ខ្សោយ ម្យ៉ាងខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារ ខ្លាចរឿងនេះដឹងដល់ប្ដី អាចប្រឈមនឹងការលែងលះគ្នា ធ្វើឲ្យបែកបាក់គ្រួសារ។ ពេលខ្លះពួកនាងខ្ញុំត្រូវយកឯកសារ ឆ្លងយោបល់គាត់ ម្នាក់ៗខ្លាចមិនហ៊ានទៅជួបទេ តែជាភារកិច្ចហើយមិនអាចប្រកែកបាន ម្យ៉ាងទៀតគាត់ប្រាប់តាមរយៈនាយការិយាល័យ ឬស្នងការរងទទួលផែន តម្រូវឲ្យយើងខ្ញុំទៅបកស្រាយទើបគាត់ព្រម។

ក្រៅពីស្ទាប អង្អែលសុដន់ ឬកេរ្តិ៍ភេទនាងខ្ញុំដែលជាជនរងគ្រោះ បុគ្គលនេះក៏បានបង្ខំឲ្យនាងខ្ញុំលេងប្រដាប់ភេទគាត់រហូតដល់ចេញទឹកកាម ទើបគាត់ព្រមឲ្យចេញពីបន្ទប់របស់គាត់។ នគរបាលជានារី ដែលចូលទៅជួបគាត់មួយចំនួន គឺជួបនឹងរឿងបែបនេះ ហើយក៏មាននគរបាលជានារីខ្លះ ជួបរឿងឈឺចាប់ត្រូវបែកបាក់គ្រួសារដោយសារការប្រព្រឹត្តអំពើដ៏ថោកទាបរបស់បុគ្គល អ៊ុក កុសល មកលើមន្ត្រីនគរបាលជានារី។

កន្លងមកពួកនាងខ្ញុំក៏បានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ ផ្ទុយទៅវិញបុគ្គលនេះ កាន់តែគាបសង្កត់មើលងាយ មើលថោកមកលើពួកនាងខ្ញុំជាជនរងគ្រោះ ដោយគំរាមមិនឱ្យតែងតាំង ឬដំឡើងស័ក្តិជាដើម។ មកដល់ពេលនេះពួកនាងខ្ញុំគ្មានផ្លូវណាដើម្បីជ្រើសរើស ក្រៅពីគោរពស្នើសុំដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ដែលជាឪពុកម្តាយ ជួយរកយុត្តិធម៌ឲ្យកូនចៅជាជនរងគ្រោះផង ព្រោះអ្នកប្រព្រឹត្តជាមេកើយ ហើយមានអំណាចតាបសង្កត់មកលើកូនចៅដែលទន់ខ្សោយ។

ក្រៅពីប្រព្រឹត្តអំពើថោកទាប ដែលសង្គមស្អប់ខ្ពើមនូវពាក្យ «ត្រីឆ្ការស៊ីកូនឯង» បុគ្គល អ៊ុក កុសល នេះ ដឹកនាំបង្កើតបក្ខពួក ខ្សែស្រឡាយពុករលួយ និងអុចអាលឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នង ការក៏ដូចជាមន្ត្រីក្រោមឱវាទ ដែលមិនអាចស្តារកិត្តិយសបានឡើយ។

ជាថ្មីម្តងទៀត នាងខ្ញុំជាមន្ត្រីនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ធំ សូមលើកដៃសំពះអង្វរដល់សម្តេចក្រឡារហាម មេត្តាជួយរកយុត្តិធម៌ដល់នាងខ្ញុំដែលជាជនរងគ្រោះទន់ខ្សោយ គ្មានខ្នងបង្អែក មានតែសម្តេច និងលោកស្រី ដែលជាឪពុកម្តាយជួយថែរក្សាការពារ និងផ្តល់យុត្តិធម៌ឲ្យកូនចៅក្រោមឱវាទផង និងសូមសម្តេចមេត្តាចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើ មិនគប្បីមកលើកូនចៅរបស់ខ្លួន ដូច្នេះ ដើម្បីជាគំរូដល់អ្នកដឹកនាំដទៃទៀតកុំឲ្យយកគំរូតាម។

សូមបញ្ជាក់ថា ចំពោះករណីខាងលើ លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ធ្លាប់ប្រាប់ថា «រឿងនេះលោកមិនប្រព្រឹត្តទេ អាចជាការបង្ខូចដល់កេរ្តិ៍ឈ្មោះលោក»៕