ក្រុមហ៊ុន Great Wall Motor Co. Ltd ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ចិននិងជាក្រុមហ៊ុនផលិតរថយន្តភីកអា បានរាយការណ៍អំពីកំណើនផលិតកម្មនិងការលក់នៅក្នុងខែ កក្កដា។ ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាលខេត្ត Hebei បានផលិតរថយន្តចំនួន ៧៣.៦១០គ្រឿង កាលពីខែមុន កើនឡើង ២២,៩៨ ភាគរយ ពីឆ្នាំមុនៗ។ ការលក់នៅខែកក្កដា បានកើនឡើង ២៩,៧៩ ភាគរយ ពីឆ្នាំមុនៗ ដល់ចំនួន ៧៨.៣៣៩ គ្រឿង។ ក្នុងរយៈពេលពីខែមករា ដល់ខែកក្កដា ក្រុមហ៊ុន Great Wall Motor ផលិតរថយន្តបានចំនួន ៤៦៤.៦៤៣ គ្រឿង ធ្លាក់ចុះ ១៦.៥៨ ភាគរយ ពីឆ្នាំមុនៗ។ ការលក់ក្នុងរយៈពេលដូចគ្នាបានធ្លាក់ចុះ ១៤,៥៣ ភាគរយ មានចំនួនត្រឹមតែ ៤៧៣.៤៣៦ គ្រឿង។

យោងតាមរបាយការណ៍របស់សមាគមអ្នកចែកចាយរថយន្តនៅប្រទេសចិន បានឱ្យដឹងថាការលក់រថយន្តដែលប្រើរួចរបស់ប្រទេសចិន បានកើនឡើង ៤,៤១ ភាគរយ ក្នុងខែមិថុនា។ របាយការណ៍បាននិយាយថា ទោះបីជាការលក់រថយន្ដមួយទឹកកាលពីខែមិថុនា បានធ្លាក់ចុះពីរយៈពេលដូចគ្នា កាលពីឆ្នាំមុនក៏ដោយ ក៏ការធ្វើជំនួញនិងផលិតកម្មរបស់ប្រទេសនេះ បានបន្តកើនឡើងជាលំដាប់តម្រូវការសម្រាប់ទាំងរថយន្តអ្នកដំណើរ និងរថយន្តពាណិជ្ជកម្ម បានងើបឡើងវិញជាបណ្តើរៗ ។ សមាគមនេះក៏បានកត់សម្គាល់ផងដែរថា រថយន្តមួយទឹកចំនួន ៥.៥២ លានគ្រឿង ត្រូវបានទិញលក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ធ្លាក់ចុះ ១៩,៦១ ភាគរយពីឆ្នាំមុនៗដោយសារតែផលប៉ះពាល់នៃជម្ងឺកូវីត-១៩ ។