មីយ៉ាន់ម៉ា ៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះធម្មជាតិរអិលបាក់ដីនៅអណ្តូងរ៉ែមួយ នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៦៨នាក់ ខណៈអាជ្ញាធរជឿជាក់ថា ចំនួនអ្នកស្លាប់អាចកើនច្រើនជាងនេះ។
នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNA កាលពីរសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។

សារព័ត៌មាន CNA បានផ្សាយថា គ្រោះមហន្តរាយនេះបានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋកាឈីន (Kachin) ជាប់ព្រំដែនជាមួយចិន ហើយក្រុមសង្គ្រោះបានរកឃើញសាកសព ១៦៨នាក់ ខណៈការរុករកនៅតែបន្ត។ អាជ្ញាធរបានស្តីបន្ទោស ទៅលើក្រុមហ៊ុនរុករករ៉ែ ដែលមិនបានអើពើពីការព្រមានរបស់អាជ្ញាធរមូលដ្ឋាន ដែលហាមមិនឱ្យធ្វើការរុករករ៉ែក្នុងពេលមានភ្លៀងខ្លាំង។

គ្រោះរអិលបាក់ដីធ្ងន់ធ្ងរ និងគ្រោះថ្នាក់ផ្សេងៗទៀត តែងតែកើតមានឡើងជារឿយៗនៅតាមទីតាំងរុករករ៉ែជាពិសេសនៅក្នុងរដូវភ្លៀង។ ជាក់ស្តែងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះគ្រោះរអិលបាក់ដីមួយបានកើតឡើងនៅទីនោះដែរ ដែលបានបណ្តាលឲ្យមនុស្សចំនួន ១១៦នាក់ស្លាប់។
ប្រទេសមីយ៉ាន់ម៉ា ជាប្រទេសដែលនាំចេញត្បូងមានតម្លៃច្រើនជាងគេ ហើយវិស័យនេះកំពុងមានតម្រូវការយ៉ាងខ្លាំងពីសំណាក់ប្រទេសជិតខាង ជាពិសេសគឺប្រទេសចិន៕