មី​យ៉ា​ន់​ម៉ា ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៣ កក្កដា ២០២០​នេះ ការ​រអិល​បាក់​ដី​នៅ​អណ្តូងរ៉ែ​មួយ នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៦២ នាក់ ។ អាជ្ញាធរ​បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ទំនងជា​នឹង​កើនឡើង​ថែម​ទៀត នេះ​បើ​តាម​ប្រភព​ព័ត៌មាន aljazeera ។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៨:០០ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែកក្កដា នៅ​ក្នុងភូមិ​សា​សែត សង្កាត់​ហាប់​ផា​ន់ ដែល​សម្បូរ​ដោយ​រ៉ែ​ត្បូង បន្ទាប់​ពី​មាន​ភ្លៀង​មូសុង ធ្លាក់​ខ្លាំង ។

សារព័ត៌មាន​ក្នុងស្រុក បាន​ផ្សាយ​ថា នុស្ស​ជា​ច្រើន​ទៀត​កំពុង​ជាប់​គាំង​នៅ​ក្នុង​នោះ ។ អ្នក​ស្លាប់ និង​របួស​ទាំងអស់ គឺជា​អ្នក​រើស​អេ​ត​ចាយ​ក្នុងស្រុក ហើយ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន ខណៈ​ដែល​ស្ថានភាព​មាន​គ្រោះថ្នាក់​ខ្លាំង ។

ទន្ទឹម​នឹង​នេះ​ដែរ សហគ្រាស​មី​យ៉ា​ន់​ម៉ា កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចេញ​សេចក្តីណែនាំ​ដល់​ក្រុមហ៊ុន​រុករក​រ៉ែ​ថ្ម​ខៀវ ឱ្យ​ផ្អាក​ប្រតិបត្តិការ​នៅ​ទីតាំង​ទាំងនោះ រយៈពេល​៣​ខែ ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០៕