វ៉ាក់សាំង​ការពារ​ជំងឺ​រាតត្បាត Covid-19 ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ​ឈ្មោះ CanSino Biologics​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​បណ្ឌិតសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​យោធា​ចិន បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​នេះ និង​ដាក់​ឱ្យ​ប្រើប្រាស់​ចំពោះ​យោធា​ចិន​មុនគេ​បង្អស់ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

តាម​សេចក្តី​ថ្លែង​ការ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ​ខាងលើ​បានឱ្យ​ដឹង​ថា ៖«​យើង​សូម​ប្រកាស​ដោយ​រីករាយ​ថា​វ៉ាក់សាំង Ad5-nCoV រួម​គ្នា​បង្កើត​ឡើងជា​មួយ​វិទ្យាស្ថាន​ជីវសាស្ត្រ​ក្រោម​បណ្ឌិតសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​យោធា ទទួល​បានការ​យល់ព្រម​ពី​ការិយាល័យ​សុខាភិបាល កាលពី​ថ្ងៃ​ទី​២៥ មិថុនា ដើម្បី​ក្លាយជា​ថ្នាំ​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​យោធា​» ។

សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ទៀត​ថា សុពលភាព​នៃ​ការ​អនុម័ត​នេះ​គឺ​មាន​រយៈពេល​មួយ​ឆ្នាំ ហើយ​បាន​សង្កត់ធ្ងន់​ថា​វ៉ាក់សាំង​នេះ​នឹង​ត្រូវ​ប្រើ​សម្រាប់​តែ​យោធា​ចិន​ប៉ុណ្ណោះ ដោយ​មិន​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ធំ​ទូលាយ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​គណៈ​ក​ម្មា​ធិ​យោ​យោធា​កណ្តាល​ឡើយ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​បាន​បញ្ចប់​ការ​សាកល្បង​ដំណាក់កាល​ទី​២ កាលពី​ថ្ងៃ​ទី​១១ មិថុនា ហើយ​ជា​លទ្ធផល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ភាព​វិជ្ជមាន​ទាក់ទង​នឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ៕