អេត្យូពី៖ យ៉ាងហោចក៍មានមនុស្ស៨១នាក់បានស្លាប់ ក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសនៅក្នុងបាតុកម្មតវ៉ាដ៏ហិង្សា នៅតំបន់ អូរ៉ូមៀ (Oromia) បន្ទាប់ពីតារាចម្រៀងដ៏ល្បីល្បាញម្នាក់ត្រូវខ្មាន់កាំភ្លើងសម្លាប់។
នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០នេះ ។

បើតាមប៉ូលិសអេត្យូពី មនុស្ស៨១នាក់ដែលបានបាត់បង់ជីវិតនៅក្នុងសប្ដាហ៍នេះ គឺជាក្រុមបាតុករ និងមន្ត្រីប៉ូលិស នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដ៏ហិង្សាបំផុត នៅតំបន់ អូរ៉ូមៀ (Oromia) ហើយអាជ្ញាធរអេត្យូពី ក៏បានបិទប្រព័ន្ធអ៊ិនធើណិតផងដែរ ដើម្បីទប់ស្កាត់កុំឱ្យបាតុកម្មរីកសាយកាន់តែធំថែមទៀត។

លោក Hundessa ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្ដសញ្ញាណម្នាក់បាញ់សម្លាប់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។ ក្រោយតារាចម្រៀងរូបនេះ ត្រូវគេបាញ់សម្លាប់ បាតុកម្មតវ៉ាបានផ្ទុះឡើងនៅក្នុងរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) និងតំបន់ Oromia។

លោក ហាឆាលូ ហាន់ដេសា (Hachalu Hundessa) ជាតារាចម្រៀងម្នាក់ដែលតែងតែច្រៀងបទចម្រៀងផ្ដោតសំខាន់លើសិទ្ធិរបស់ក្រុមជនជាតិដើមភាគតិច អូរ៉ូម៉ូ (Oromo) និងជាអ្នកដែលមានវោហាស័ព្ទកៀរគរបាតុកម្មតវ៉ា រហូតដល់មានការទម្លាក់នាយករដ្ឋមន្ត្រីម្នាក់ បានស្រេចកាលពីឆ្នាំ២០១៨៕